(កំពត)៖ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន និងសកម្មជនមួយចំនួននៅមូលដ្ឋានស្រុកជុំគិរី ខេត្តកំពត បាននាំគ្នាទម្លាក់ស្លាក និងដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួនបោះចោល ក្រោយពួកគេអស់ជំនឿលើមេដឹកនាំគណបក្សនយោបាយមួយនេះ ហើយប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាមវីដេអូ នៃការទម្លាក់ស្លាកគណបក្សភ្លើងទៀន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀនលេខរៀងទី១ លេខរៀងទី៣ និងលេខរៀងទី៥ មកពីឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត បាននាំគ្នាកាត់ស្លាក និងដោះសម្លៀកបំពាក់ដែលមានរូបសញ្ញាគណបក្សភ្លើងទៀនចេញ ដោយសារអស់ជំនឿលើបក្ស និងមដឹកនាំរបស់ខ្លួន ហើយបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឲ្យការបម្រើជាតិ និងប្រជាជន។

ពួកគាត់សុទ្ធបានបញ្ជាក់ដូចៗគ្នា ការសម្រេចចិត្តចាកចេញ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សភ្លើងទៀន ហើយគិតថា មិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។

បេក្ខជនឈរឈ្មោះលេខរៀងទី១ មកពីគណបក្សភ្លើងទៀនដែលដឹកនាំការកាត់ទម្លាក់ស្លាកបក្សចោលនេះ បាននិយាយថា ស្លាកនេះលោកជាអ្នកលើកដាក់ តែពេលនេះលោកក៏ជាអ្នកទម្លាក់ចោលវិញផងដែរ ដោយពីមុនលោកគិតថា លោកអាចផ្ញើវាសនា លើបក្សនេះ ប៉ុន្តែជាការគិតខុសស្រឡះ និងសុខចិត្តដោយស្ម័គ្រចិត្តទម្លាក់ស្លាកនេះចោលវិញ ហើយសុំចូលរួមជាមួយគណបក្សប្រជាជនដោយគ្មានការបង្ខិតបង្ខំនោះឡើយ។

ពួកគេមើលឃើញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានចុះជួយប្រជាពលរដ្ឋតាមជាប្រចាំ និងបានដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍន៍ជាច្រើនតាមមូលដ្ឋានដែលធ្វើឲ្យពួកគាត់មានទំនុកចិត្ត ហើយមានតែគណបក្សប្រជាជនទេ ដែលមើលថែប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពត គណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានូវបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ មកពីគណបក្សនានាជិត៣០០នាក់។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ លោក ម៉ៅ ធនិន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានសម្ដែងមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តសុំចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថាមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។

លោកក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក «សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក» និងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សដែលការពារសន្តិភាពនេះ មានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សូមរំលឹកថា នេះមិនមែនជាលើកទី១នោះទេ ដែលបេក្ខជនឈរឈ្មោះ និងសកម្មជនរបស់គណបក្សភ្លើងទៀន បានចាកចេញពីបក្សនេះ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ពោលអតីតសមាជិកបក្សនេះជារឿយៗ បាននិងកំពុងតែបន្ដចាកចេញ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បើទោះបីយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត កំពុងតែដំណើរការយ៉ាងណាក្ដី៕