(បាត់ដំបង)៖ តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតតាមមូលដ្ឋានមកនោះ សម្រាប់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹក ដោយគ្មានថ្ងៃសម្រាកនោះឡើយ ពោលបានចុះសួរសុខទុក្ខ និងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ក៏ដូចជាសមាជិកសមាជិកាគណបក្សប្រជាជននៅតាមគោលដៅរៀងៗខ្លួន។

មិនខុសពីមូលដ្ឋានផ្សេងសម្រាប់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាណន់ បានចំណាយពេលរាល់ថ្ងៃនៅតាមមូលដ្ឋាន ដោយបែងចែកក្រុមការងាររបស់ខ្លួនទៅសួរសុខទុក្ខផ្ទាល់ប្រជាពលរដ្ឋនៅតាមផ្ទះ ក៏ដូចជាការបង្រៀនឲ្យពួកគាត់ចេះគូសសន្លឹកឆ្នោត ចែកខិតបណ្ណ និងការត្រួពិនិត្យសមាជិកបក្សផងដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ លោកកសន្តិបណ្ឌិត សុខ ផល បានថ្លែងថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត រហូតមកដល់ពេលនេះ ក្រុមការងាររួមជាមួយ គណបក្សភូមិឃុំ បានធ្វើសកម្មភាពឃោសនាដោយចុះជួបសមាជិកតាមខ្នងផ្ទះ សំណេះសំណាលសួរសុខទុក្ខ បង្រៀនគូសសន្លឹកឆ្នោត បិទខិតបណ្ណ ព្រមទាំងពិនិត្យបច្ចុប្បន្នភាពសមាជិកបក្សដោយពិនិត្យលំអិតពី សមាជិកបក្សចំណាកស្រុកក្នុងក្រៅប្រទេស សមាជិកបក្សដែលបានផ្ទេរទីលំនៅ និងមរណៈភាពជាដើម។

លោកបានបន្តថា នៅទីស្នាក់ការគណបក្សឃុំ និងសាខាបក្សភូមិ បានចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សដោយចម្រាញ់នូវខ្លឹមសារសំខាន់ៗដែលគណបក្សថ្នាក់លើបានណែនាំ។ លោកក៏បានដឹកនាំក្រុមការងារ និងគណបក្សមូលដ្ឋានស្រុកបាណន់ដោយផ្ទាល់ ចុះប្រជុំត្រួតពិនិត្យនៅឃុំទាំង៨ ដោយក្រើនរំលឹក និងលើកទឹកចិត្តដល់ក្រុមយុទ្ធនាការបោះឆ្នោតឃុំ ក្រុមចលនាបោះឆ្នោតភូមិ បេក្ខភាពឃោសនិកក្នុងឃុំទាំង៨ដែលឃុំនិមួយៗ មានសមាជិកចូលរួមពី៨០ទៅ១២០នាក់។

លោកថា «ឆ្លងកាត់លើកិច្ចការនេះ ក្រុមការងារ និងបក្សមូលដ្ឋានកាន់តែលើកកម្ពស់ស្មារតីសាមគ្គីភាពជាធ្លុងមួយនូវគ្រប់សកម្មភាពយុទ្ឋនាការបោះឆ្នោត, បង្កើនជំនឿទុកចិត្តដល់សមាជិកបក្សចូលរួមគ្រប់សកម្មភាពរបស់គណបក្ស ដោយបង្ហាញពីឆន្ទ: និងការប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជន, ជំរុញការងារគ្រប់គ្រងសមាជិកបក្សដោយរកឃើញអំពីវត្តមាន អវត្តមានពិតប្រាកដ និងប្រើគ្រប់មធ្យោបាយ និងគ្រប់លទ្ឋភាពក្នុងការបង្កលក្ខណ:ឲ្យពួកគាត់បានទៅបោះឆ្នោត គិតទាំងសមាជិកចំណាកស្រុកផងដែរ និងបង្កើនការក្តាប់បានរាល់ឧបាយកលសកម្មភាពរបស់ពួកប្រឆាំងខុសច្បាប់ ដើម្បីឆ្លើយតបទាន់ពេល និងមានប្រសិទ្ឋិភាព»

បើតាមលោក សុខ ផល សម្រាប់ស្រុកបាណន់ មានគណបក្សចំនួន៤ បានចុះឈ្នមោះធ្វើសកម្មភាពរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សខ្មែររួបរួមជាតិ៕