(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយពលរដ្ឋប្រមាណ ៦០០នាក់ នៅក្នុងភូមិ ត្របែកពក និងមណ្ឌលសកម្មភាព ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នៅក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ។

ពិធីនេះក៏មានការចូលរួមពី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំកំពង់កុង សមាជិកគណបក្សប្រជាជន កម្ពុជាទូទាំងឃុំកំពង់កុងផងដែរ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃ តួនាទីនិងភារកិច្ច របស់សមាជិកសមាជិកាបេក្ខភាពដែលបានឈរឈ្មោះបោះឆ្នោត ដើម្បីបម្រើប្រជា ពលរដ្ឋនៅឃុំកំពង់កុង ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត និងបានស្នើឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់នៅពេលគូសសន្លឹកឆ្នោត ដោយចោទសួរខ្លួនឯងថាតើគួរបោះឆ្នោតឱ្យគណបក្សណា? តើគណបក្សណាដែលនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ? តើគណបក្សណាដែលកសាងមន្ទីរពេទ្យតេជោសែនកោះធំឱ្យយើង និងអាចឆ្លើយថា៖ អ្នកកសាង មន្ទីពេទ្យតេជោសែនកោះធំគឺគណបក្សប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សប្រជាជននៅឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល គឺជាអ្នកបម្រើរាស្ត្រ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យខំបម្រើរាស្ត្រ ផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគោលបំណងរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលនិស្សិតជំនាន់ក្រោយឱ្យមានសមត្ថភាពក្នុងការ កសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ ជីដូនជីតាយើងកសាងអង្គរវត្ត និងប្រាសាទច្រើនកន្លែងមាន អាយុកាលរាប់ពាន់ឆ្នាំ ដូច្នេះកូនខ្មែរជំនាន់ក្រោយពិតជាអាចកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតដោយខ្លួនឯងបាន ដោយមិនពឹងបរទេស និងបានសំដែងមោទនភាពផងដែរ ដែលមាន និស្សិតចំនួនពីររូបនៅឃុំកំពង់កុងបានទទួលអាហារូបករណ៍ចំនួន១០០%ដោយមិនចាំបាច់បង់ថ្លៃសិក្សា កំពុងសិក្សានៅក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់ៗគ្នា ចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០នាទីរសៀល និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាឃុំកំពង់កុង ឋិតក្នុងលំដាប់លេខរៀងទី៤ មានរូបទេវតាបាច់ផ្កាជាសម្គាល់ឋិត ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន៥ ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្ត សញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំកំពង់កុង រួមមាន៖ ផ្លូវបេតុង១កន្លែងប្រវែង៦,០០០ម៉ែត្រនៅភូមិល្វាទោង ស្ដារព្រែក២ព្រែកប្រវែង៤,៥០០ម៉ែត្រ នៅភូមិជ្រុងរមាស និងភូមិព្រែកហង់ ធ្វើទ្វារទឹកបានចំនួន២ព្រែកនៅភូមិជ្រុងរមាស និងភូមិព្រែកហង់ ធ្វើស្ពាន បេឡេត៍២កន្លែងប្រវែង៣២ម៉ែត្រនៅភូមិត្របែកពក ធ្វើស្ពានបេតុង៦កន្លែងប្រវែង៧៦ម៉ែត្រ នៅភូមិជ្រុង រមាស១កន្លែង នៅភូមិព្រែកផ្អាវ៣កន្លែង នៅភូមិក្បាលដំរីក្រោម១កន្លែង ដាឡូ១កន្លែង ប្រវែង៨ម៉ែត្រ នៅភូមិក្បាលដំរីក្រោម និងអំពូលសូឡាចំនួន៣០៦អំពូល៕