(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ដែលកំពុងប្រើប្រាស់ដីអាស្រ័យផលក្នុងតំបន់២ និងធ្លាប់អាស្រ័យផលក្នុងតំបន់៣ ដោយលោកបានផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការកាត់ឆ្វៀលដីពីតំបន់២មកតំបន់១ជូនពលរដ្ឋនៅក្រុងស្ទឹងសែននោះ។

លោកលើកឡើងថា ការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ពីជីវភាពប្រជាពលរដ្ឋទូទៅស្មើៗគ្នា ក្នុងនោះសម្តេចតេជោបានកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋក្នុងតំបន់២មកជាតំបន់១ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តចំនួន៥ក្រុងស្រុក សរុបជាង១ម៉ឺនហិកតារួចមកហើយ។ ស្របជាមួយគ្នានេះផងដែរ សម្តេចបាននិងកំពុងគិតគូរពីការប្រើប្រាស់ដីនៅក្នុងតំបន់ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិនៅក្នុងតំបន់២ គ្រោងកាត់ចូលតំបន់១បន្ថែមទៀត។ បន្ថែមលើសពីនេះទៀត សម្តេចតេជោឲ្យក្រុមការងារថ្នាក់ខេត្តសិក្សាបន្ថែមទៀតលើអាស្រ័យរបស់ប្រជាពលរដ្ឋក្នុងក្រុមសាមគ្គី ឆ្នាំ១៩៨២ និងដីអាស្រ័យផលក្នុងតំបន់៣មុនឆ្នាំ២០១១ផងដែរ។

ក្រុមប្រជាពលរដ្ឋនៅក្រុងស្តឹងសែនបានលើកឡើងថា «ការអនុវត្តនូវគោលការណ៍ផ្ដល់ដីដែលប្រជាពលរដ្ឋបានអាស្រ័យផលតាំងពីសម័យក្រុមសាមគ្គី ឆ្នាំ១៩៨២ និងដីកំពុងអាស្រ័យផលក្នុងតំបន់៣មុនឆ្នាំ២០១១ គឺជាគោលការណ៍ដឹកនាំរបស់សម្ដេចតេជោ តាមរយៈលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំនូវគុណបំណាច់ដ៏ឧត្តុងឧត្តមលើប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ»

ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំមានក្តីសោមនស្សរីករាយឥតឧប្បមា និងសូមសម្ដែងនូវសេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអាស្រ័យផលធ្វើស្រែដើម្បីចិញ្ចឹមជីវិត និងសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់ អចលនវត្ថុ និងមានសិទ្ធិប្រើប្រាស់ចាត់ចែងដីតំបន់២កាត់មកតំបន់១។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំសម្តែងសេចក្តីសប្បាយរីករាយចំពោះការកាត់ដីតំបន់២មកតំបន់១ នៃបឹងទន្លេសាប ដែលលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធនៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ និងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋមុនចេញអនុក្រឹត្យលេខ ១៩៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕