(កំពង់ចាម)៖ នាថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស និងលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំសូរគង ឃុំរកាគយ ឃុំស្តៅ និងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោត។

ក្នុងឱកាសនោះ លោកបានលើកឡើងពីសមិទ្ធផលនានាដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍបានកែប្រែមុខមាត់ថ្មីសម្រាប់ស្រុកកងមាសឱ្យមានភាពរីកចម្រើន ដែលមានដូចជាផ្លូវខ្វាត់ខ្វែង ស្ពាន ទំនប់បង្ហៀរទឹក ប្រឡាយទឹក អគារសិក្សាថ្មី បរិក្ខាក្នុងសាលារៀន មណ្ឌលសុខភាព វត្តអារាមជាដើម ដែលសមិទ្ធផលទាំងនេះអាចសម្រេចបានដោយសារប្រជាពលរដ្ឋផ្តល់ទំនុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីអាចបម្រើដល់សេចក្ដីត្រូវរបស់ប្រជាពលរដ្ឋ។

លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាធានាបាននូវសុខសុវត្ថិភាព សន្តិភាព ការអភិវឌ្ឍ ហ៊ានសន្យា ហ៊ានធ្វើបំពេញតាមសំណូរពររបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិមុន និងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាសទាំងមូល ដែលបានបំពេញការងារយ៉ាងសកម្មចូលរួមអភិវឌ្ឍស្រុកកងមាសឱ្យមានភាពរីកចម្រើនផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានអះអាងថា គណបក្សប្រជាជននឹងបន្តផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរ មានប្រសិទ្ធភាព និងលឿនជាងមុន ដើម្បីចូលរួមលើកស្ទួយជីវភាពការប្រកបរបរចិញ្ចឹមជីវិត និងការពារផលប្រយោជន៍របស់ប្រជាជន ជាពិសេសការបង្កើនការងារ ការពង្រីកមុខរបរ ការងារកសិកម្មនិងផលិតកម្ម និងការពង្រីកទីផ្សារនៅគ្រប់ឃុំក្នុងស្រុកកងមាស។

លោកបានអំពាវដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្របេក្ខភាពមេឃុំមកពីគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា៕