(ភ្នំពេញ)៖ ពេញមួយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះនៅតាមភូមិមួយចំនួននៃសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដើម្បីដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីស្វែងរកការគាំទ្រពីពួកគាត់សម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបោះឆ្នោត ៥ មិថុនា ២០២២ ខាងមុខ។

ក្នុងជំនួបជាមួយពលរដ្ឋតាមខ្នងផ្ទះ លោក ឃ្លាំង ហួត បានលើកឡើងពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងមានប្រសិទ្ធភាព រហូតមិនមានអ្នកឆ្លងតទៀតក្នុងរយៈពេលជិត២១ថ្ងៃមកនេះ។

លោកបានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា (ជាតិ សាសនា ព្រះមហាក្សត្រ) គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ឃ្លាំង ហួត ក៏មិនភ្លេចលើកឡើងទៅកាន់ប្រជាពលរដ្ឋពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងឡើង។

លោក ឃ្លាំង ហួត និងក្រុមការងារទាំងអស់បានទទួលស្វាគមន៍ពីប្រជាពលរដ្ឋតាមភូមិឋានទាំងនោះ ជាពិសេសនោះលោកបានជួបផ្ទាល់ និងសួរសុខទុក្ខចំពោះមនុស្សចាស់ជរាពីសុខភាពរបស់ពួកគាត់ និងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាបញ្ហាមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតគាំទ្របេក្ខជនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ដើម្បីឲ្យពួកគាត់បានរួមសុខរួមទុក្ខបន្តបំពេញភារកិច្ច និងបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធានាបាននូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៕