(កណ្តាល)៖ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ បន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស បិទស្ទីកគ័រ ចែកខិត្តបណ្ណ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះពីលេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោតក្នុងសង្កាត់កោះអន្លង់ចិន។

នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានរំលឹកប្រាប់ប្រជាពលរដ្ឋពីតម្លៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រាប់ប្រជាពលរដ្ឋថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជាមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា»

លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយកនាថ្ងៃអនាគត។

លោកបានបន្តថា ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួនមិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់។ ត្រង់ចំណុចនេះលោក នុត ពុធដារ៉ា ប្រាប់ប្រជាពលរដ្ឋកុំជឿឱ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលដើរខ្សឹបថាធ្វើនេះធ្វើនោះទេ តែសមិទ្ធផលកើតមានព្រោងព្រាតតាមភូមិ ឃុំ ស្រុក។ ដូច្នេះប្រជាពលរដ្ឋត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីភូមិឃុំកោះអន្លង់ចិនកាន់តែរីកចម្រើនថែមទៀត៕