(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលជាអ្នករស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែងលើដីតំបន់៣ មុនឆ្នាំ២០១២ ប្រមាណ១៤០០នាក់ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចកាត់ឆ្វៀលដីជូនពួកគាត់ឱ្យបន្តប្រើប្រាស់ និងអាស្រ័យផលជារៀងរហូត។

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអនុក្រឹត្យ លេខ១០១ របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលផ្ទៃដីទំហំ៣,៤៤៨ហិកតា៧៧អា ចេញពីតំបន់៣បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្រោមអធិបភាពលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

សូមជម្រាបថា ដោយមានការស្នើសុំពីរដ្ឋបាលស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ដែលជាប់ផ្ទៃទឹកបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់នោះ លោក ស៊ុយ សែម លោក កែវ រតនៈ និងលោក ជាវ តាយ បានគាំទ្រលើការស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់៣ជូនប្រជាពលរដ្ឋ ដោយសារកន្លងមកនៅក្នុងតំបន់៣នេះជាភូមិចាស់ដែលមានសាលាឃុំ មណ្ឌលសុខភាព លំនៅឋានប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលជាយូរណាស់មកហើយ មុនការបង្កើតជាតំបន់៣ និងជាតំបន់ការពារមកម៉្លេះ។

ផ្ទៃដីដែលត្រូវស្នើសុំគោលការណ៍កាត់ឆ្វៀលមានទំហំផ្ទៃដីសរុបចំនួន៣,៤៤៨ហិកតា៧៧អា ស្មើនឹង១,៣៩៩ក្បាលដី មានចំនួន១,៦៥៨គ្រួសារ ក្នុងនោះស្រុកក្រគរស្នើសុំកាត់ឆ្វៀលដីមានទំហំផ្ទៃដីសរុប១,១២២ហិកតា៤៥អា ស្មើនឹង៤៣៨ក្បាលដី មានចំនួន៧០៦គ្រួសារ, ស្រុកកណ្តៀងស្នើសុំកាត់ឆ្វៀលដីមានទំហំផ្ទៃដីសរុប១,១៦៩ហិកតា៧២អា ស្មើនឹង៥៩៤ក្បាលដី មានចំនួន៥៨៥គ្រួសារ និងស្រុកបាកានស្នើសុំកាត់ឆ្វៀលដីមានទំហំផ្ទៃដីសរុប១,១៥៦ហិកតា៦អា ស្មើនឹង៣៦៧ក្បាលដី មានចំនួន៣៦៧គ្រួសារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក៏បានសម្រេចចេញអនុក្រឹត្យកែសម្រួលផ្ទៃដីទំហំ៣,៤៤៨ហិកតា៧៧អា ចេញពីតំបន់៣បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលបន្តផងដែរ។

ក្រោយទទួលបានដំណឹងល្អនេះហើយ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀងបានសម្ដែងសេចក្ដីត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន ព្រមទាំងបានធ្វើញត្តិគាំទ្រ និងលិខិតគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជន និងប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិដ៏ឧត្តុងឧត្តម និងសូមគាំទ្របោះឆ្នោតជូនសម្តេចធ្វើជានាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មីបន្តទៀត ដើម្បីដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះ លោក កែវ រតនៈ បានជម្រាបជូនថា ការឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋវិញនេះ គឺសម្រាប់តែបងប្អូនណាដែលរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ ពោលគឺមុនឆ្នាំ២០១២ ដោយឡែកចំពោះប្រជាពលរដ្ឋដែលអាស្រ័យផលក្រោយឆ្នាំ២០១២ ពុំទទួលបាននោះទេ។

លោកបានបញ្ជាក់ទៀតថា នេះគឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាលំបាកប្រកបដោយព្រហ្មវិហារធម៌ និងទស្សពិតរាជធម៌ជាខ្លាំងចំពោះប្រជាពលរដ្ឋ។

លោក កែវ រតនៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលទទួលបានដីនេះហើយអាចចាប់ផ្តើមអាស្រ័យផលវិញបាន តែហាមកាប់រានបន្ត និងចូលរួមការពារតំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូនឱ្យបានគង់វង្សទាំងអស់គ្នា។

លោកបានបញ្ជាក់ទៀតថា នាពេលឆាប់ៗខាងមុខ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំប័ណ្ណទទួលស្គាល់សិទ្ធិកាន់កាប់ដីនោះជូនពុកម៉ែប្រជាពលរដ្ឋជាក់ជាពុំខាន៕