(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះបង្រៀនដល់សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋតាមខ្នងផ្ទះអំពីការគូសសន្លឹកឆ្នោត និងអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា។

សកម្មភាពនេះដឹកនាំដោយលោក ឈាង ចន្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយលោកបានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាតាមខ្នងផ្ទះ និងមានការជួបជុំនៅក្នុងមូលដ្ឋានស្ថិតក្នុងភូមិគៀនតាម៉ា ឃុំកំពង់អូស ស្រុកជលគិរី។

ការចុះសំណេះសំណាល និងពន្យល់ដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាអំពីការគូសសន្លឹកឆ្នោតឲ្យត្រូវក្នុងរង្វង់គណបក្ស កន្លងមកនេះ សមាជិក-សមាជិការបស់គណបក្សតាមមូលដ្ឋានបានស្គាល់ និងយល់ច្បាស់អំពីរូបលោហ្គោរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោតខាងមុខនេះ ការគូសសន្លឹកឆ្នោតរបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នឹងគូសចំរង្វង់ឡូហ្គោរបស់គណបក្សប្រជាជនកម្ពុជាមិនខុសនោះឡើយ។

នៅក្នុងឱកាសនោះ លោកអនុប្រធានក្រុមការងារបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ពិសេសគឺសមាជិកសមាជិការបស់គណបក្ស។ តាមរយៈក្រុមការងារចុះមូលដ្ឋាននេះដែរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបដោយសុខក្សេមក្សាន្តតកូនតចៅ៕