(ត្បូងឃ្មុំ)៖ សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្តុលផ្សារ ចំនួន២៨នាក់ និងលោកគ្រូចំនួន៦នាក់ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ។

ការរៀបចំវេទិកាថ្នាក់រៀននេះគឺក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែករំលែក និងបង្ហាញពីចំណេះដឹងផ្ទាល់ខ្លួនទៅនៅលើរឿងរ៉ាវដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ លើសពីនេះ គឺដើម្បីលើកទឹកចិត្តសិស្សឱ្យគិតពិចារណាលើផលវិបាកអន្តរកាលនៃកេរដំណែលពីរបបខ្មែរក្រហម ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ជំរុញការពិភាក្សាអំពីកេរដំណែលពីរបបខ្មែរក្រហមនៅក្នុងគ្រួសារ និងសហគមន៍ ជំរុញការពិភាក្សាអំពីការលើកឡើងនូវយុទ្ធសាស្រ្តមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេស។ ក្រៅពីនេះ គឺដើម្បីចែកសៀវភៅសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥- ១៩៧៩) ដល់លោកគ្រូអ្នកគ្រូ សិស្ស និងអ្នកចូលរួម។

នាឱកាសនោះ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ក៏បានដឹកនាំសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដើរទស្សនាពិព័រណ៍រូបថតអំពីសង្គ្រាមដែលបានកើតឡើងនៅទសវត្សឆ្នាំ១៩៦០ នៅតំបន់កោះថ្ម រូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រូបថតរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ រូបថតភ័ស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និងរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូប ចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

បន្ទាប់មក លោកគ្រូ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានធ្វើបទបង្ហាញដល់សិស្សានុសិស្សតាមកម្មវិធី ដូចជាការវាស់ស្ទង់ចំណេះដឹងសិស្សមុនវេទិកាចាប់ផ្តើម ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ និងបានចែកចាយសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សទាំងអស់។ លោកបានបង្រៀនមេរៀនប្រវត្តិសាស្ត្រជំពូកទី៣ «ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការជម្លៀសដោយបង្ខំ និងការសម្លាប់នៅទួលពោធិ៍ជ្រៃ»

លោកគ្រូក៏បានលើកទឹកចិត្តសិស្សឲ្យសួរសំណួរដោយសរសេរសំណួររបស់ខ្លួននៅលើសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន រួចប្រគល់ឲ្យគ្រូឧទ្ទេសដើម្បីឆ្លើយ និងលើកពីសំណួរ-ចម្លើយពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ លោកបានធ្វើបទបង្ហាញអំពីនិយមន័យ និងបុព្វហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍។

ក្នុងពេលចូលរួមក្នុងវេទិកាថ្នាក់រៀននេះ លោកគ្រូ អ៉ី មករា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅវិទ្យាល័យប៉ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ បានលើកឡើងថា លោកគ្រូបានដឹកនាំសិស្សានុសិស្សចូលរួមវេទិកាថ្នាក់រៀន និងបានស្តាប់ការធ្វើបទបង្ហាញរបស់លោកគ្រូឧទ្ទេសមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើឲ្យលោកគ្រូចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។ កាលពីមុនលោកគ្រូនៅមានភាពស្រពិចស្រពិល ព្រោះលោកកើតក្រោយរបបខ្មែរក្រហម។

លោកគ្រូ អ៉ី មករា សោកស្តាយចំពោះអ្នករស់រានដែលបានឆ្លងកាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់ពីបានស្តាប់ និងទស្សនារូបថតរួចមកធ្វើលោកបានយល់ដឹងកាន់ច្រើនពីរបបខ្មែរក្រហម។ ទោះបីលោកនិងក្មេងៗជំនាន់ក្រោយធ្លាប់បានរៀនសូត្រកន្លងមកពីរបបខ្មែរក្រហមក៏ដោយ ក៏ប៉ុន្តែយើងមិនចេះចាំអស់នោះទេ។ ដូច្នេះទាល់តែយើងបានរៀនសូត្រច្រើនដងទើបធ្វើឲ្យយើងយល់ដឹងច្រើនពីរបបនេះ។ លោកគ្រូ មករា ចង់ឲ្យមានការផ្សព្វផ្សាយឲ្យទូលំទូលាយ និងចង់ឲ្យប្រវត្តិសាស្រ្តខ្មែរក្រហមមាននៅក្នុងកម្មវិធីសិក្សាឲ្យច្រើន។

យុវតី សារឿន វ៉ាន់តេង រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្តុលផ្សារ បានរៀបរាប់ថា ក្រោយពេលលោកគ្រូមកពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើបទបង្ហាញ នាងទទួលបាននូវចំណេះដឹងច្រើនជាងមុនអំពីប្រវត្តិសាស្រ្តសម័យកម្ពុជាប្រជាធិបតេយ្យ។ វ៉ាន់តេងបានយល់ដឹងពីរបបឃោរឃៅដែលបានសម្លាប់មនុស្សអស់ជាច្រើនលាននាក់។ នាងធ្លាប់បានរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមពីមុនមកដែរ ប៉ុន្តែនាងមិនទាន់បានយល់ដឹងជ្រៅជ្រះទេ។ យុវសិស្ស សារឿន វ៉ាន់តេង បានសំណូមពរឲ្យក្មេងៗជំនាន់ក្រោយត្រូវសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហមឲ្យច្រើន ដើម្បីជៀសផុតពីការប្រើអំពើហិង្សា និងការធ្វើសង្គ្រាម។

យុវសិស្ស សាធ ពិសិទ្ធ រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្តុលផ្សារ បាននិយាយថា គេធ្លាប់បានរៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ឬ ប៉ុល ពត នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ នៅសាលាដែរ ប៉ុន្តែការយល់ដឹងរបស់គេមានតិតតូចប៉ុណ្ណោះ។ ថ្ងៃនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានអនុញ្ញាតឲ្យគេមកសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្មបន្ថែមទៀត ទើបគេបានកើនចំណេះជាងមុន។ ពិសិទ្ធសប្បាយរីករាយខ្លាំងចំពោះលោកគ្រូ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មដែលបានចំណាយពេលមកបង្ហាត់បង្រៀនដល់រូបគេ។ សិស្ស សាធ ពិសិទ្ធ ចង់ឲ្យក្មេងៗជំនាន់ក្រោយបានសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ព្រោះគេមិនចង់ឲ្យអំពើឃោរឃៅកើតឡើងដែលធ្វើឲ្យមនុស្សស្លាប់ទេ៕