(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងប្រាប់ដល់សមាជិក-សមាជិកាបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជឿជាក់លើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាក់ស្ដែងនានា ដែលជាខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

ការថ្លែងយ៉ាងដូច្នេះរបស់លោកប្រធាន សាយ គឹមឡម ត្រូវបានធ្វើក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំប្រឡាយ ស្រុកស្ទោង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក-សមាជិកាជិត៥០០នាក់។

លោកបានបញ្ជាក់ថា មានតែសន្តិភាពទេដែលនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងប្រជាជនគ្រប់រូបមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន និងរស់នៅដោយគ្មានភាពភ័យខ្លាច មានសុខុមាលភាពពេញលេញ មានសិទ្ធិសេរីភាពបរិបូណ៌ និងអាចធ្វើដំណើរ ឬទៅកម្សាន្តនៅតាមទីកន្លែងជិតឆ្ងាយនានាដោយសេរី។

លោកបានអំពាវនាវឱ្យសមាជិក-សមាជិកាបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជឿជាក់លើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការថែរក្សាការពារសន្តិភាព ស្ថិរភាព ការអភិវឌ្ឍចេញជាសមិទ្ធផលជាក់ស្ដែងនានា ដែលជាខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន ថ្នាក់ដឹកនាំគណបក្ស ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក សាយ គឹមឡម បានផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋក្នុងឃុំប្រឡាយអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំប្រឡាយក្នុងលំដាប់លេខរៀងទី១ នៅលើសន្លឹកឆ្នោតដែលមានរូបទេវតាបាចផ្កាជាសម្គាល់៕