(កំពង់ចាម)៖ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន បឹងកុក ជាង២០នាក់ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលរៀបចំដោយការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមខេត្តកំពង់ចាម ដែលស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនជាលើកទី៣នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្កើនចំណេះដឹងប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សដែលកំពុងសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ តាមរយៈការដាក់តាំងបង្ហាញពិព័រណ៍រូបថតអំពីរឿងរ៉ាវ និងសម្ភារៈរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដោយលោកគ្រូ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងកិច្ចពិភាក្សាទៅលើប្រវត្តិសាស្ដ្រខ្មែរក្រហមរវាងសិស្សានុសិស្សចូលរួម និងវាគ្មិន។ ក្នុងវេទិកាថ្នាក់រៀនដែលមានរយៈពេល២ម៉ោងនេះ សិស្សានុសិស្សចូលរួមបានដើរទស្សនាពិព័រណ៍យ៉ាងយកចិត្តទុកដាក់ ស្ដាប់ការធ្វើបទបង្ហាញរបស់វាគ្មិនយ៉ាងស្ងៀមស្ងាត់ និងជជែកសួរដេញដោល។

សិស្សានុសិស្សដែលបានចូលក្នុងវេទិកាថ្នាក់រៀននេះ យុវតី រុំ អាម៉ី រៀនថ្នាក់ទី១១-B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក បានបង្ហាញចំណាប់អារម្មណ៍ថា នៅពេលដែលលោកគ្រូធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម នាងនឹកដល់ជីដូនឈ្មោះ យេង ស្រ៊ុន អាយុប្រហែល៧០ឆ្នាំ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ជីដូនរបស់នាងរស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សិស្ស រុំ អាម៉ី បានបន្តថា ជីដូនរបស់នាងត្រូវបានដាក់ឲ្យធ្វើការគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ គាត់ស្នាក់នៅកន្លែងធ្វើស្រែ និងការដ្ឋានលើកទំនប់។ ជីដូនរបស់អាម៉ី តែងតែនិយាយប្រាប់នាងអំពីទុក្ខលំបាកនៅពេលនោះ។ អាម៉ីក៏អាណិតអាសូរប្រជាជនកម្ពុជាដែលបានរស់នៅក្នុងរបបខ្មែរក្រហម និងមិនចង់ឲ្យរបបនេះវិលត្រឡប់មកវិញទេ។ រឿងរ៉ាវទុក្ខលំបាករបស់ជនរងគ្រោះដែលបានស្លាប់ និងអ្នករស់រានមានជីវិតពីរបបខ្មែក្រហម គឺស្ថិតនៅក្នុងការចងចាំរបស់នាង។

យុវតីសិស្ស វ៉ា ស្រីកា រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តពិត នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ នាងទទួលបានចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ នាងក៏មានជីដូនឈ្មោះ អ៊ុក ផល អាយុ៧០ឆ្នាំ ដែលជាអតីតពេទ្យខ្មែរក្រហម និងរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជីដូនរបស់ខ្ញុំបាននិយាយប្រាប់នាងអំពីជីវិតជាពេទ្យខ្មែរក្រហម ដែលមានការងារមិនសូវលំបាក និងហូបចុកគ្រប់គ្រាន់ ខណៈពេលដែលប្រជាជនផ្សេងទៀតរងទុក្ខវេទនា និងស្លាប់ដោយការអត់ឃ្លាន។ បន្ទាប់ពីបានស្ដាប់ការពន្យល់របស់លោកគ្រូអំពីទុក្ខវេទនា និងការស្លាប់របស់ប្រជាជន ព្រមទាំងការនិយាយប្រាប់រឿងរ៉ាវរបស់ជីដូន នាងកាន់តែយល់អំពីការលំបាក និងការរស់នៅរបស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម។

រីឯសិស្សឈ្មោះ ម៉ុង ស្រីនាង រៀនថ្នាក់ទី១១-D មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក។ នាងបានដឹងរឿងរ៉ាវជាច្រើនអំពីការជម្លៀសដោយបង្ខំ ទីតាំងសម្លាប់រង្គាល និងប្រវត្តិមេដឹកនាំខ្មែរក្រហម។ ស្រីនាងមានជីដូន និងជីតាដែលត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ស្រីនាងដឹងអំពីរឿងនេះតាមរយៈឪពុករបស់នាងដែលជាក្មេងកំព្រា ចាប់តាំងពីពេលដែលខ្មែរក្រហមបានចាប់យកជីដូនជីតារបស់នាងទៅសម្លាប់ចោល។ នៅក្នុងរបបខ្មែរក្រហម ឪពុករបស់នាងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានរួចផុតពីសេចក្ដីស្លាប់។ ការយល់ដឹងកាន់តែច្រើន និងការចងចាំអំពីជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម និងរឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិត ដូចជាឪពុករបស់នាងដែលបានឆ្លងកាត់របបនេះ គឺពិតជាសំខាន់ដើម្បីកុំរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញទៀត៕