(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានថ្លែងថា សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិតប្រាកដ។

ការថ្លែងបែបនេះគឺក្នុងពេលលោកស្រី ង៉ែត ណារីន បានចូលរួមជាមួយលោក ប៉ែន សូត្រ ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក បានចុះសំណេះសំណាលនិងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋនៅភូមិឈូកគ្រោះ ភូមិឈូកស្ទឹង ភូមិឈូកបឹង ដែលស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលនាំមកនៅសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិតប្រាកដ។

លោកស្រីបន្តថា អ្វីដែលប្រជាពលរដ្ឋទាំងអស់មើលឃើញពីទង្វើសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាដែលបានសន្យា ហើយធ្វើជាក់ស្ដែងនិងបានរួមរស់ជាមួយប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាទូទាំងប្រទេស ពិសេសការមិនយកពន្ធដីធ្លី ស្រែចម្ការពីប្រជាពលរដ្ឋគឺជាការរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយនៅភាពក្រីក្រ ជាក់ស្ដែងនៅក្នុងតំបន់មូលដ្ឋានពិសេសគណបក្សប្រជាជនកម្ពុជារួមរស់ជាមួយប្រជាជន ដើម្បីប្រជាជន និងរក្សាសន្តិភាពដើម្បីប្រជាជន។

លោកស្រីបានបន្តទៀតថា សកម្មភាពទាំងអស់នេះហើយដែលប្រជាពលរដ្ឋទាំងអស់បានមើលឃើញនិងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយក៏បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិទាំងអស់។

លោកស្រីបានបន្ថែមទៀតថា ដោយសារមួយរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាជួបនូវបញ្ហាសកលជាពិសេសគឺជាការរីករាលដាលនៃជំងឺកូវីដ១៩ មិនថាប្រទេសកម្ពុជានោះទេ គឺវាប៉ះពាល់ដល់ប្រទេសទាំងអស់លើសកលលោកដូច្នេះ ហើយការអភិវឌ្ឍឃុំ-សង្កាត់កន្លងមកមានការយឺតយ៉ាវបន្តិច ដោយសាររាជរដ្ឋាភិបាលបានផ្ដោតទៅលើការទប់ស្កាត់នៃជំងឺកូវីដ១៩។

លោកស្រី ង៉ែត ណារីន បានប្រាប់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជាឃុំឈូកស្ថិតនៅលំដាប់លេខរៀងទី៣៕