(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានចូលរួមហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តទី៥ ឆ្នាំ២០២២ នៅឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពិធីនេះអមដំណើរដោយលោក-លោកស្រីជាសមាជិកគណៈកម្មាធិការបក្សខេត្ត សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំស្វាយចចិបប្រមាណជា៦០០នាក់។

លោកក៏បានសម្ដែងការអរគុណចំពោះក្រុមការងារយុវជនគណបក្ស ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្សថ្ងៃនេះ គឺជាថ្ងៃបិទបញ្ចប់ឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាពនៃគណៈកម្មាធិការបក្សស្រុក និងខេត្តកំពង់ស្ពឺ ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។

ពិតណាស់ ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។

នៅក្នុងដំណើរជីវិតរបស់គណបក្សប្រជាជនកម្ពុជា គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀតផងដែរ៕