(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកតាំងគោង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្សឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅទួលតាមុំ ភូមិគោកត្របែក ឃុំស្រឡៅ។

លោក ហាក់ ម៉ុងហួត បានរំលឹកប្រាប់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តម្លៃសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ និងសមិទ្ធផលទាំងអស់បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា សម្តេចបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការសម្របសម្រួលស្វែងរកសន្តិភាពជាមួយពួកកងទ័ពខ្មែរក្រហម និងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្តនិង ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះពលរដ្ឋទាំងអស់គ្នាត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន និងគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជននៅពេលនេះ។

ជាមួយគ្នានេះ លោកបានបន្តទៀតថា គណបក្សប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន ព្រោះថាគណបក្សមានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលាសំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយទាំងនេះ គឺជាការគិតគូរទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ និងមិនរត់ចោលប្រជាពលរដ្ឋឡើយ។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវបន្តជួយគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា ពិសេសនៅឃុំស្រឡៅ គណបក្សប្រជាជនកម្ពុជាឈរលំដាប់លេខរៀងទី១៕