(កំពង់ចាម)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានសម្រេចពិន័យប្រាក់៥លានរៀល ពីលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីរូបលោកធ្វើសកម្មភាពចែកលុយនៅថ្ងៃយុទ្ធនាការឃុសនារកសំឡេងកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ។

លោក គង់ រ៉ៃយ៉ាង នៅថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺថ្ងៃទី២១ ខែឧសភា បានធ្វើសកម្មភាពចែកលុយក្នុង១នាក់ ១០០ដុល្លារ ដល់សមាជិកគណបក្សភ្លើងទៀនមកពីតាមបណ្តាឃុំនានាក្នុងស្រុកកងមាស។
សកម្មភាពចែកលុយនេះ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជាឃុំស្តឹង អ្នកស្រី ជិន ដាវី ប្តឹងទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតឃុំស្តៅ។

គណៈកម្មការរៀបចំការបោះឆ្នោតឃុំស្តៅ បានកោះហៅលោក គង់ រ៉ៃយ៉ា និងភាគីដើមបណ្តឹងតំណាងគណបក្សប្រជាជនកម្ពុជាឃុំស្តៅ ចូលទៅសម្របសម្រួល។ តែមិនទទួលបានសះជានោះទេ ហើយតំណាងបក្សប្រជាជនកម្ពុជាឃុំស្តៅ បានប្តឹងបន្តទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បន្តការជំនុំជម្រះកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅចំពោះមុខដើមបណ្តឹង និងចុងចោទ។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម សម្រេចផាកពិន័យលោក គង់ រ៉ៃយ៉ា ចំនួន ៥លានរៀល ស្របតាមមាត្រា១៧១ និងមាត្រា១៨១ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

បើទោះបីជាយ៉ាងណា លោក គង់ រ៉ៃយ៉ា មិនព្រមទទួលយកសេចក្តីសម្រេចនេះឡើយ ហើយនឹងបន្តប្តឹងទាស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕