(កំពង់ស្ពឺ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅមូលដ្ឋានស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងមូលដ្ឋានភូមិឃុំជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅស្រុកឧដុង្គនេះ ដឹកនាំដោយលោក អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ចុះជួយស្រុកឧដុង្គ។

នាឱកាសនោះ លោក អ៊ុក កោសា បានផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍភូមិឃុំ ក៏ដូចជាសង្គមសេដ្ឋកិច្ចកម្ពុជា។ លោកបានលើកឡើងថា ដោយភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ក្នុងការកសាងសមិទ្ធផលធំៗតាំងពីដើមរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។

លោក អ៊ុក កោសា បានបន្តទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រីបាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ លោកថា ទាំងនេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោកក៏បានដឹកនាំក្រុមការងារគណបក្សជួយបង្រៀនប្រជាពលរដ្ឋអំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ។ លោកក៏បានបញ្ជាក់ដែរថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសម្រាប់អ្នកដែលមិនមានអត្តសញ្ញាណបណ្ណទេ ត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីប្រើជំនួសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនោះ។

លោក អ៊ុក កោសា ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកាបក្ស ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់សកម្មភាពឃោសនារកសំឡេងឆ្នោតនេះ។

សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជារូបនេះ ក៏មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មដឹកនាំឃុំ-សង្កាត់ប្រកបដោយការរីកចម្រើនតទៅមុខទៀត៕