(រតនគិរី)៖ ក្នុងសកម្មភាពឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអណ្ដូងមាស ខេត្តរតនគិរី រួមជាមួយក្រុមការងារបក្សប្រចាំមូលដ្ឋានឃុំញ៉ាងនៃស្រុកអណ្ដូងមាសនោះ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្សនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងជួយបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ។

សកម្មភាពឃោសនារកសំឡេងឆ្នោតនេះធ្វើឡើងក្រោមការដឹកនាំដោយលោក កង សារឿន ប្រធានគណៈកម្មាធិការបក្សស្រុកអណ្តូងមាស លោក រម៉ាម ពុញ សមាជិកគណកម្មាធិការបក្សខេត្ត លោក ទ្រេន សាមិន ប្រធានគណៈចលនាសាសនិកឥស្លាមខេត្ត រួមទាំងក្រុមការងារគណបក្សប្រជាជនចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាឃុំ។

លោក កង សារឿន បានរំលឹកប្រាប់ប្រជាពលរដ្ឋពីតម្លៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យនៅតាមមូលដ្ឋាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន។

លោកប្រាប់ប្រជាពលរដ្ឋថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសស្រុកអណ្តូងមាស ខេត្តរតនគិរី មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួនមិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់។ ត្រង់ចំណុចនេះ លោក កង សារឿន ប្រាប់ប្រជាពលរដ្ឋកុំឲ្យជឿឲ្យសោះ ព្រោះពួកគេគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះនិយាយដែរ សំខាន់មានលទ្ធផលជាក់ស្តែងឬអត់។

បន្ថែមលើនេះ លោក កង សារឿន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺនៅតែរួមសុខទុក្ខជាមួយគ្នា។ ដូច្នេះប្រជាពលរដ្ឋត្រូវបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឲ្យបានគ្រប់ៗគ្នាដើម្បីភូមិ ឃុំ ស្រុកមានការអភិវឌ្ឍរីកចម្រើនថែមទៀត៕