(កំពត)៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត បានលើកឡើងថា ការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា គឺបានផ្តល់លទ្ធភាពនិងឱកាសគ្រប់គ្រាន់ដល់គណបក្សក្នុងការបម្រើ-ការពារប្រជាពលរដ្ឋ ការពារសន្តិភាព ព្រមទាំងដឹកនាំ-អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនតទៅមុខ។

លោកថ្លែងបែបនេះគឺក្នុងឱកាសដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២២។

លោក នេត្រ ភក្ត្រា បានថ្លែងថា «ការគាំទ្ររបស់ប្រជាពលរដ្ឋបានផ្តល់លទ្ធភាព និងឱកាសគ្រប់គ្រាន់ដល់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ និងដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍរើកចម្រើន ការពារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ»

លោកអនុប្រធានក្រុមការងារបានថ្លែងថា ប្រទេសកម្ពុជា ដែលរងគ្រោះខ្ទេចខ្ទាំដោយសារតែសង្គ្រាមស៊ីវិលបានកសាងនិងស្ថាបនាជាតិឡើងវិញ ដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបានរយៈពេលជាង២០ឆ្នាំមកហើយ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។ លើសពីនេះ កម្ពុជាក៏បានងើបឈរឡើងក្នុងមោទកភាពជាមួយសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិបានល្បីរន្ទឺឡើងវិញ។

ជាមួយគ្នានេះ លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅសង្កាត់បឹងទូកដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតគាំទ្រគណបក្សនៅរៀងរាល់ការបោះឆ្នោត។

លោកបានស្នើដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការការពារជាតិ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យរស់ក្នុងភាពសុខសាន្ត។

លោកបានកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជាជាគណបក្សចាស់ទុំខាងនយោបាយ និងបទពិសោធដឹកនាំនិងគ្រប់គ្រងប្រទេសយូរអង្វែង និងស្គាល់ច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងតាក់តែងគោលនយោបាយប្រកបដោយចក្ខុវិស័យវែងឆ្ងាយបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

ចំណែកការឃោសនាបោះឆ្នោត និងសកម្មភាពផ្សេងទៀត សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រកាន់គោលជំហរចាស់ទុំ មានក្រមសីលធម៌ និងប្រកបដោយគុណធម៌ តែជាកាតកត់សម្គាល់គណបក្សខ្លះ សកម្មជនរបស់ខ្លួនប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើម រើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងឋានៈសង្គម និងបញ្ឆេះកំហឹងប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោក នេត្រ ភក្ត្រា បានបន្តទៀតថា ប្រជាពលរដ្ឋបោឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានន័យថាបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមានឱ្យបន្តរីកចម្រើទៅមុខទៀត។

លោកក៏បានលើកទឹកចិត្តដល់សមាជិកគណបក្សដែរថា អំពើល្អរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ បានទទួលនូវការតបស្នងមកវិញដោយសេចក្តីគោរព ស្រឡាញ់ គាំទ្រ និងជឿជាក់ពីប្រជាពលរដ្ឋជាក់ជាមិនខាន»៕