(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងមួយចំនួនដែលរស់នៅលើដីតំបន់៣តាំងពីដូនតាមក ឬ១០ឆ្នាំឡើង មានទាំងវត្តអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យផងនោះ បានបង្ហាញក្ដីសប្បាយរីករាយឥតឧបមា ដោយបានឮសាររបស់សម្តេចតេជោ ហ៊ុន សែន កាត់ឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់៣មានរយៈពេលយូរឆ្នាំមកហើយ និងធ្លាប់បានបង្កបង្កើនផលលើដីតំបន់៣ជាយូរឆ្នាំ មានភូមិឋានច្បាស់លាស់ ពិសេសគឺមានវត្តអារាមពិតប្រាកដមែន។

ប្រជាពលរដ្ឋរស់នៅភូមិពាមខ្នងនិងភូមិឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអះអាងថា តំបន់ដែលពួកគាត់រស់នៅសព្វថ្ងៃនេះ គឺជាតំបន់៣ពិតប្រាកដណាស់ តែពួកគាត់បានមកតាំងទីលំនៅតាំងពីដូនតាមក មានវត្តអារាមដែលមានអាយុកាលជាង២០០ឆ្នាំមកហើយ មានសាលារៀនតាំងពីថ្នាក់មតេយ្យរហូតដល់អនុវិទ្យាល័យ មានមណ្ឌលសុខភាព មានសាលាឃុំ ប៉ុស្តិ៍រដ្ឋបាល។

ពួកគាត់បានបន្តថា បន្ទាប់ពីពួកគាត់បានស្ដាប់សារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ពួកគាត់រីករាយឥតឧបមាដោយបានសម្ដេចមានចិត្តសណ្ដោសប្រណីប្រគល់ដីស្រែចម្ការជូនមកប្រជាពលរដ្ឋក្នុងភូមិឃុំរបស់គាត់វិញ កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសជូនដល់ជនរួមជាតិដែលកំពុងរស់នៅជុំវិញបឹងទន្លេសាប និងតាមបណ្ដាខេត្តមួយចំនួនរស់នៅក្នុងតំបន់៣ និងធ្លាប់បានអាស្រ័យផលនៅក្នុងភូមិសាស្រ្តតំបន់៣ជាច្រើនឆ្នាំកន្លងមក មានទាំងវត្តអារាមផងនោះ ត្រូវបានសម្តេចកាត់ឆ្វៀលដីជូនពួកគាត់ធ្វើស្រែចម្ការឡើងវិញឱ្យទាន់រដូវ។ តែត្រូវពិនិត្យឲ្យបានច្បាស់លាស់ចំពោះទីតាំងតំបន់៣ទាំងឡាយណា ដែលប្រជាពលរដ្ឋបានរស់នៅអាស្រ័យផលជាច្រើនឆ្នាំកន្លងមក មានវត្តអារាមជាភស្តុតាងត្រូវកាត់ឆ្វៀលជូនពួកគាត់។ ចំណែកភូមិសាស្ត្រតំបន់៣ដែលទើបនឹងកាប់ទន្រ្ទានថ្មីៗមិនត្រូវអនុញ្ញាតឲ្យយកមកវិញនោះទេ ត្រូវតែដាំកូនឈើព្រៃលិចទឹកជាបន្តទៀត។

នៅក្នុងសារពិសេសនោះ សម្ដេចបានបញ្ជាក់ទៀតថា ត្រូវពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងអ្នកមានអំណាច មានលុយកាក់ចូលទៅឆ្លៀតឱកាស ដោយយកប្រជាពលរដ្ឋធ្វើជាខែល ដើម្បីកាប់ទន្ទ្រានដីចាស់ថ្មីក្នុងតំបន់៣យកធ្វើជាកម្មសិទ្ធិរាប់រយរាប់ពាន់ហិកតាទៀត៕