(កំពង់ធំ)៖ អស់រយៈពេល៩ថ្ងៃ សមាជិក-សមាជិកាបក្សប្រជាជនជាង១ពាន់នាក់ឃោសនារកសំឡេងឆ្នោតនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដឹកនាំដោយលោក កើត រ័ត្ន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

លោកបានលើកឡើងថា ដោយភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មន្ត្រីគណបក្សបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ ដូច្នេះយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់សកម្មជន និងឃោសនិកនៅតាមមូលដ្ឋានក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារដែលយើង ត្រូវបន្តអនុវត្តស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកបានបន្តថាសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។
លោក កើត រ័ត្ន បានបន្តទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រីបាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា (ជាតិ សាសនា ព្រះមហាក្សត្រ) គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោក កើត រ័ត្ន បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកាដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ និងទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយបោះឆ្នោតជូនគណបក្សប្រជាជនសង្កាត់ស្រយ៉ូវមានលំដាប់លេខរៀងទី៤៕