(ភ្នំពេញ​)៖​ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ តំណាងលោក នុត ពុធដារ៉ា អភិបាលខណ្ឌ នៅថ្ងៃទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ បានដឹកនាំក្រុមការងារ សង្កាត់ព្រៃវែង​ ចុះសួរសុខទុក្ខ និងយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរចែកជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋាន ក្នុងភូមិរោលជ្រូក និងបានបន្តដឹកនាំមន្ត្រីអត្រានុកូនដ្ឋាន ចុះផ្តល់សំបុត្របញ្ជាក់កំណើតជូនក្មួយៗ កុមារដល់ខ្នងផ្ទះនៅសហគមន៍ ភូមិញញឹម នៃអង្គការភាពញញឹមនៃកុមារ នៅភូមិកំរៀងសង្កាត់ព្រៃវែងផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងខណ្ឌ បានសួរនាំស្វែងយល់ពីបញ្ហារស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលដោះស្រាយ ឲ្យបានទាន់ពេលវេលា​ បើសិនមានរឿងអ្វីមួយកើតឡើង។

ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋឲ្យថែសុខភាព​ ត្រូវហូបទឹកស្អាត​ទឹកដាំឆ្អិន​ ហើយបរិភោគអាហារ ដែលមានអនាម័យ​ ដើម្បីជៀសវាងពីជំងឺផ្សេងៗ​៕​ ​