(អាមេរិក)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook នឹងទៅដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងពេល​ឆាប់ៗខាងមុខនេះ ដើម្បី​ជួប​ពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ខណៈដែលដំណឹងនៃដំណើរទស្សនកិច្ច​ទៅចិន ត្រូវបានស្ងប់ស្ងាត់ទៅវិញ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា។

វាមិនមែនជាជំនួបដំបូងនោះទេ សម្រាប់លោក Tim Cook និង Narendra Modi ដោយកាលពីឆ្នាំមុន នាយករដ្ឋមន្ត្រី​ឥណ្ឌារូបនេះ បានជួបជាមួយនឹង​មេធំៗនៃក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរូបនៅសហរដ្ឋអាមេរិក ក្នុងនោះក៏មានលោក Tim Cook ផងដែរ។

តាមការឲ្យដឹង លោក Cook គ្រោងនឹងពិភាក្សាជាមួយលោក Modi ដើម្បីបង្កើតនូវផលិតផលថ្មីសម្រាប់ប្រទេសឥណ្ឌា ដោយសហការជាមួយរដ្ឋាភិបាល និង​ក្រុមហ៊ុនក្នុងស្រុក ខណៈដែលមុននេះ ក្រុមហ៊ុន Foxconn បានប្រកាស​បង្កើ​ត​រោងចក្រមួយថ្មីនៅឥណ្ឌា ដើម្បី​ផលិតនូវផលិតផលរបស់ក្រុមហ៊ុន Apple។

គួរបញ្ជាក់ផងដែរថា ឥណ្ឌា ជាតំបន់ទីផ្សារមួយដែលក្រុមហ៊ុន Apple កំណត់ជាគោលដៅ បន្ទាប់ពីប្រទេសចិន ព្រោះ​វា​ជាទីផ្សារធំ ដែល Apple អាចនឹងរកប្រាក់ចំណូលបានខ្ពស់លើសពីការរំពឹងទុក៕