(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បាន  និងកំពុងចូលរួមកិច្ចប្រជុំកំពូល «ខ្សែក្រវាត់មួយ វិថីមួយ» រៀបចំឡើងដោយរដ្ឋាភិបាលទីក្រុងហុងកុង និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រដ្ឋា ភិបាលមកពីបណ្តាប្រទេសនានា វិនិយោគិន និង ភ្នាក់ងារម្ចាស់ជំនួយសរុបជាង ២០០០នាក់។

ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Paul CHAN រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទីក្រុងហុងកុង លោក Gregory SO លេខាធិការទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និង អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងហុងកុង លោក Margar  et Fong នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃទីក្រុងហុងកុង និងអ្នកចូលរួមដទៃទៀត ដើម្បីពិភាក្សាអំពីមធ្យោបាយផ្តល់ ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោក Paul Chan បានអញ្ជើញលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ច និង សិក្សា ស្វែងយល់អំពីរបៀប ដែលទីក្រុងហុងកុង បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមបង្កើត «ខ្សែក្រវាត់មួយ វិថីមួយ» របស់ប្រទេសចិន ត្រូវបានបង្កើតឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច នៃបណ្តាប្រទេសជាង ៦០នៅតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក។ គំនិតផ្តួចផ្តើម ដែលបានលើកឡើងនេះ ជាការបង្កើនកិច្ចសហប្រតិបត្តិការ លើកិច្ចសម្របសម្រួលគោលនយោបាយ ការតភ្ជាប់ពាណិជ្ជកម្ម និង ការវិនិយោគ ការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និង ផ្លាស់ប្តូរវប្បធម៌ទៅ វិញទៅមក៕