(ភ្នំពេញ)៖ អ្នកនាង សុខ សោម៉ាវត្តី កំពូលតារាសម្តែងស្រីឆ្នើមមួយរូប​នៅកម្ពុជា និងមានចរឹតក្រម៉ិចក្រម៉ើម គួរឲ្យក្នក់ក្នាញ បានប្រកាស​ថា ខ្លួនជាមនុស្សទទេស្អាត (នៅលីវ) ខណៈគ្មានដំណឹងថា លែងលះស្វាមី ជាផ្លូវការនៅឡើយ​។ ការប្រកាស របស់តារាសម្ដែងកំពុងត្រូវប៉ាន់តួឯក ស្ទើរគ្រប់រឿង យ៉ាងភ្ញាក់ផ្អើល ពីសំណាក់​អ្នកនាង សុខ សុម៉ាវត្តី បែបនេះ បានធ្វើឡើង នៅក្នុងពិធីបើកសម្ពោធខ្សែភាពយន្ត មួយមានចំណងជើងថា «អ្នកនាងម្ចាស់ឡឺកឺ» កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងរោងភាពយន្ត លេជេន Cinema ទួលគោក រាជធានីភ្នំពេញ ។

តារាសម្តែង​​កូនមួយ ហាក់មិនខ្លាចនឹងមានឈ្មោះជាស្រ្តីមេម៉ាយ ចំណាយមាត់ញាតិ អ្នកនាង សុខ សោម៉ាវត្តី បាន​ប្រាប់អ្នកសារព័ត៌មានថា« ថ្ងៃនេះ​ នាងខ្ញុំចាត់ទុកថា ជាលើកទី១ហើយ ដែលនាងខ្ញុំ និយាយពីរឿងគ្រួសារ ប្រាប់អ្នកសារព័ត៌មាន ប៉ុន្តែមិនឲ្យសួរច្រើនទេ ខ្ញុំប្រកាសខ្លួនឯងថា ខ្ញុំនៅលីវ ប៉ុន្តែមិនឲ្យសួរច្រើនទេ..!»។

កន្លងមក​ជីវិតគ្រួសារ របស់អ្នកនាង សុខ សុម៉ាវត្តី ត្រូវបានគេដឹងថា មានភាពរកាំ​រកូសជាមួយ​នឹងស្វាមី រយៈពេល ជាងកន្លះមកឆ្នាំហើយ ។ ព័ត៌មានខ្លះ​បានបញ្ជាក់ឲ្យដឹងថា អ្នកនាង សុខ សុម៉ាវត្តី បានរស់នៅផ្ទះផ្សេងគ្នាជាមួយស្វាមី និងអ្នកខ្លះថា អ្នកទាំងពីរ គឺបានលះលែងគ្នារួចហើយ។ ប៉ុន្តែមិន​មាន​ការប្រកាសជាផ្លូវការថា អ្នកនាង សុខ សោម៉ាវត្តី លះលែងស្វាមីឲ្យពិតប្រាកដឡើយ ពោលគឺមានតែពាក្យចចាមអារ៉ាម និងការអង្កេតឃើញពីសំណាក់មហាជនថា នាងដើរទៅណាមកណាតែម្នាក់ឯង។

ស្រីស្រស់មានផែនថ្ពាល់រលោង អ្នកនាង សុខ សោម៉ាវត្តី បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ទូច សុខណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តមណ្ឌលគីរី និង​ជាកូនប្រុស​បង្កើត របស់ លោក ទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយរៀបការហើយ  អ្នកនាង សុខ សោម៉ាវត្តី និងស្វាមីទទួលបាន នូវចំណងដៃអាពាហ៍ពិពាហ៍​ កូនស្រីមួយ ដោយបច្ចុប្បន្ននេះ កូនស្រីរបស់ពួកគេ មានអាយុជិត២ឆ្នាំហើយ៕ ​