(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជនជាង២០០នាក់ នៅខេត្តមណ្ឌលគីរី និងនាំយកអំណោយមួយចំនួនទៅផ្តល់ជូនផងដែរ។

លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តមណ្ឌលគីរី បានឲ្យដឹងថា នៅទូទាំងខេត្តមណ្ឌលគិរី មានសមាជិកអតីតយុទ្ធជនសរុប២២៤នាក់។ ក្នុងនោះយុទ្ធជនពិការចំនួន៣៧នាក់ យោធិនចូលនិវត្តន៍១៥៦នាក់ យោធិនបាត់បង់សមត្ថភាព៤នាក់ គ្រួសារយោធិនពលី ១៨នាក់ និងគ្រួសារយោធិនមរណ: ៩នាក់។

ឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បានឲ្យដឹងទៀតថា ចាប់តាំងពីបានប្រកាសទទួលស្គាស់រួចរាល់ របស់សមាសភាពថ្នាក់ដឹកនាំសមាគម នៅថ្នាក់ខេត្ត ស្រុក និង ក្រុង សមាគមខេត្ត បានធ្វើសកម្មភាពជាបន្តបន្ទាប់ ក្នុងការបម្រើសេចក្តីត្រូវការនានា ដល់សមាជិកអតីតយុទ្ធជន ដូចជាការចាត់តាំងកម្លាំងចុះសួរសុខទុក្ខ ផ្តល់អំណោយដល់គ្រួសារអតីតយុទ្ធជន ដែលជួបការលំបាក ការចុះបើកប្រាក់បេឡាមរណ:សង្រ្គោះដល់សមាជិក ដែលទទួលមរណភាព ការផ្សព្វផ្សាយស្តីពីការបំពេញបែបបទថ្មីរបស់សមាគម និងការគ្រប់គ្រងថវិកាទ្រទ្រង់សមាគមជាដើម។

មានមតិសំណេះសំណាលជាមួយអតីតយុទ្ធជននាថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលកន្លងមកបានបម្រើប្រទេសជាតិ ប្រកបដោយការធ្វើពលិកម្ម។

លោក គន់ គីម បានគូសបញ្ជាកថា កន្លងមក អាស្រ័យដោយមានការខ្វះខាត ចំពោះការបម្រើសំណូមពរដល់សមាជិក មិនបានដិតដល់ ទើបមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២ របស់សមាគមនាដើមខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ សម្រេចផ្ទេរការគ្រប់គ្រងសមាជិកអតីតយុទ្ធជនមកឲ្យកងកម្លាំងប្រដាប់អាវុធវិញ ដើម្បីងាយស្រួលទំនាក់ទំនងទាំងការបើកប្រាក់គោលរបបផ្សេងៗ បានទាន់ពេលវេលា និងការតាមដានបានច្បាស់លាស់ពីស្ថានភាព ជីវភាពរស់នៅរបស់អតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ អតីតយុទ្ធជនតាមរយៈការផ្តល់ដីសម្បទាន ការសាងសង់លំនៅដ្ឋានដល់សមាជិក ដែលមានការខ្វះខាត និងតម្លើងប្រាក់គោលរបបផ្សេងៗ ដូចមន្រ្តីរាជការ ដែលកំពុងបម្រើការងារផងដែរ។ នៅក្រោយបញ្ចប់មតិសំណេះសំណាល លោក គន់ គីម បានឧបត្ថម្ភដល់សមាជិក ដែលបានចូលរួមចំនួន២២៤នាក់ ដោយក្នុងម្នាក់ៗ ទទួលបានឃីត១កញ្ចប់ អង្ករ៣០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕