(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន ១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១៧នាក់  និងរបួសស្រាល៦នាក់។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍១២លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២០គ្រឿង រួមមានម៉ូតូ​ចំនួន១២គ្រឿង, រថយន្តធុនតូចចំនួន៦គ្រឿង, រថយន្តធុនធំ២គ្រឿង ហើយមូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធ១លើក, ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់២លើក, ងងុយដេក១លើក, កត្តាយានយន្ត១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៩នាក់ (យប់៦នាក់)។

សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៤,៦៣៤គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ១,៨៣១គ្រឿង ​និងពិន័យ​សរុប ២,៨០៣គ្រឿង ៕