(តាកែវ)៖ លោកវរសេនីយ៏ទោ ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមការណែនាំពីលោកស្នងការ បានដឹកនាំកម្លាំងក្រោមឱវាទជាច្រើននាក់ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ១២ខ្នង បន្ទាប់ពីមានខ្យល់កន្រ្តាក់បានបោកបក់ដួលរលំ ក្នុងឃុំ៤នៃស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

លោកវរសេនីយ៍ទោ ជុំ ឈឿ​ន ថ្លែងថា «បន្ទាប់ពីហេតុខ្យល់កន្រ្តាក់ភា្លម លោកឧត្តសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគបាលខេត្ត បានបញ្ជាមកកម្លាំងនគរបាលស្រុកព្រៃកប្បាស់ទាំងអស់ ត្រូវតែចុះទៅជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា»

លោកវរសេនីយ៍ទោ បន្តថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ១២ខ្នងនៅក្នុងឃុំ៤ គឺឃុំកំពង់រាប ឃុំបានកាម ឃុំព្រៃល្វា និងឃុំពោធិរំចាក ត្រូវបានកម្លាំងនគរបាល របស់លោករួម និងអាជ្ញាធស្រុកក្នុងរយៈពេល២ថ្ងៃនេះ បានចុះទៅជួយជួសជុល ដំបូល ជញ្ជាំងផ្ទះឲ្យបានល្អប្រសើរឡើងវិញ។

លោកបន្ថែមថា ឧបហេតុខ្យល់កន្រ្តាក់នោះ មិនបណ្ដាល់ឲ្យប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនោះទេពោល គឺគ្រាន់តែរងការខូចខាតផ្ទះទាំងស្រុង៥ខ្នង និងរបើកដំបូលផ្ទះចំនួន៧ខ្នង។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋសំដែងនូវការត្រេកអរ និងអរគុណចំពោះសកម្មភាព របស់អាជ្ញាធរ ជាពិសេសកំលាំងនគរបាលស្រុកព្រៃកប្បាស់ ដែលបានចុះធ្វើសកម្មភាព ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា និងមិនខ្លាចនឿយហត់៕