(ភ្នំពេញ)៖ មន្រ្តីគយថ្នាក់តូចទាប ដែលដឹងពីទង្វើទុច្ចរិត របស់មន្រ្តីគយតាមច្រកនានា បានលួចបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News ថា រៀងរាល់រាត្រីចាប់ពីម៉ោងប្រមាណ ១១យប់ឡើងទៅមន្រ្តីគយនានា បានលួចបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញ យ៉ាងច្រើនលើសទម្ងន់ ឆ្លងកាត់ស្ពានអ្នកលឿង ដោយគ្មានសមត្ថកិច្ច ណាត្រួតពិនិត្យ និងឃាត់ឡើយ។​

មន្រ្តីគយ ដែលដឹងរឿងនៃការឃុបឃិត រវាងក្រុមឈ្មួញរកស៊ីនាំចូលទំនិញ ពីប្រទេសវៀតណាម ក៏បានឲ្យដឹងទៀតថា ក្រៅពីទម្ងន់លើសឆ្លងកាត់ស្ពានអ្នកលឿងរៀងរាល់យប់នេះ រថយន្តទាំងនោះ ភាគច្រើនបំផុតគឺដឹកទំនិញបង់ពន្ធមិនគ្រប់។ តាមការបញ្ជាក់ពីមន្រ្តីគយរូបនោះឲ្យដឹងថា ក្នុងមួយរថយន្តដឹកទម្ងន់ប្រមាណជាង៥០តោនឡើងទៅ។

មន្រ្តីគយ បានឲ្យដឹងសកម្មភាពទុច្ចរិតរបស់ឈ្មួញនេះ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធទាំងមន្រ្តី ប្រចាំមាត់ទ្វារច្រក និងមន្រ្តីជញ្ជីងថ្លឹងលើ ផ្លូវជាតិលេខ១ បើកដៃឲ្យឈ្មួញដឹកជញ្ជួនទំនិញយ៉ាងងាយស្រួល។ ដោយឡែកការដឹកទំនិញលើសទម្ងន់ ក្រោមការបើកដៃពីមន្រ្តីជញ្ជីងថ្លឹង ក៏នឹងធ្វើឲ្យផ្លូវជាតិលេខ១ អាចប្រឈមនឹងភាពងាយខ្ទេចខ្ទាំង និងខូចខាតផងដែរ។ មន្រ្តីគយតូចតាចរូបនោះបានលើកឡើងថា សុំស្នើឲ្យ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ជួយចាត់មន្រ្តីជំនាញមកតាមដាន ពិនិត្យមើលករណីនេះផង។

ឆ្លើយតបការទម្លាយព័ត៌មានរបស់មន្រ្តីគយនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីក្រសួងសាធារណការ និង ដឹកជញ្ជូននៅឡើយទេ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ៕