(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ជាច្រើន ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៣៥០គ្រួសារ នៅស្រុកបារាយណ៍ និងស្រុកស្ទោង ខេត្ដកំពង់ធំ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។

អំណោយមនុស្សធម៌ខាងលើនេះ រួមមាន អង្ករ១០តោន៥០០គីឡូក្រាម មីយើង៣៥០កេស ត្រីខ៣៥០០កំប៉ុង ឃីត៣៥០កញ្ចប់ (ក្នុងនោះមាន មុង ភួយ សារុង ក្រមា) និងតង់ ៤០ផ្ទាំង ដែលគិតជាថវិកាសរុបចំនួន១០,៤៦៣ដុល្លារ (មួយម៉ឺនបួនរយហុកសិបបីដុល្លារ) ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះទាំង ៣៥០គ្រួសារ ដែលមកពី ៣៦ភូមិ ១៣ឃុំ ក្នុងស្រុកបារាយណ៍ និងស្រុកស្ទោង តាមរយៈ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមសហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរ ពីផលលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមសោកស្តាយជាមួយ ការខូចខាតផ្ទះសម្បែង ការបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនទាំងអស់គ្នា ព្រមទាំង បានពាំនាំនូវសារមួយចំនួនរបស់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានខ្លឹមសារដូចតទៅ៖

១- សូមឲ្យបងប្អូនប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើបញ្ហាសុខភាព ធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អ មានអនាម័យល្អ ពិសារទឹកឆ្អិន លាងដៃឲ្យបានស្អាតមុនពេលហូបអាហារ ពោលគឺត្រូវចេះ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត

២- សូមយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ ដោយត្រូវសាងសង់ផ្ទះឱ្យមានភាពធន់ «ផ្ទះប្រកបដោយសុវត្ថិភាព»។

៣- ក្នុងស្ថានភាពដែលប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ កាកបាទក្រហមកម្ពុជា នឹងបង្កើនការផ្តល់ស្រះ-អណ្តូង ស្តារស្រះ ជួសជុលអណ្តូង ឲ្យបានច្រើនជាងនេះទៅតាមលទ្ធភាព ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

៤- ចំពោះនារីដែលស្ថិតក្នុងវ័យបន្តពូជ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ហើយត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ និងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បើសង្ស័យថា ក្នុងខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាម ហើយទទួលយកថ្នាំពន្យាជីវិតពីគ្រូពេទ្យ និងវិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន។

៥- ត្រូវគិតគូរពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ បើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ក្នុងពិធីប្រគល់អំណោយនោះ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មីយើង១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែក គ្រួសាររលំផ្ទះ ចំនួន៤០ខ្នង ទទួលបានកៅស៊ូតង់ ១ បន្ថែមទៀត រីឯ ចាស់ជរា និងគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤២គ្រួសារ ទទួលបានថវិកាបន្ថែមមួយចំនួន ផងដែរ៕