(ភ្នំពេញ)៖ ក្រុមតន្រ្តីរបស់អាមេរិក ឈ្មោះ Matuto ដែលជាក្រុមតន្រ្តីពេញនិយមខ្លាំងនៅទីក្រុង New York នឹងមកប្រគំជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ក្រោមការរៀបចំរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង អង្គការអម្រឹតសិល្បៈ បានអញ្ជើញក្រុមតន្រ្តី ដ៏ល្បីឈ្មោះ Matuto មកសម្ដែងនៅទឹកដីកម្ពុជា ដោយមានការចូលរួមពីសិល្បករខ្មែរ មាន DJ ពូឃ្លាំង ផងដែរ។ ការសម្ដែងជាសាធារណៈនេះ នឹងធ្វើការប្រគំនៅខេត្តក្រចេះ ស្ទឹងត្រែង និង ខេត្តកំពង់ចាម ហើយថ្ងៃចុងក្រោយប្រគំនៅរាជធានីភ្នំពេញ។

ការសម្ដែងខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២២ ខែឧសភា ដោយថ្ងៃទី១ វេលាម៉ោង ៧៖០០នាទីយប់ នៅមន្ទីរវប្បធម៌ខេត្តក្រចេះ, ថ្ងៃទី២ វេលាម៉ោង៧៖០០នាទីយប់ នៅមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង, ថ្ងៃទី៣ វេលាម៉ោង ៧៖០០នាទីយប់ នៅមន្ទីរគរុកោ សល្យខេត្តកំពង់ចាម, ថ្ងៃទី៤ វេលាម៉ោង៧៖០០នាទីយប់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (សាលមហោស្របគ្មានដំបូល នៃវិទ្យាស្ថានភាសាបរទេស ក្រោយអាគារ CJCC)។

បើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិក ក្រៅពីការសម្តែងនៅប្រទេសកម្ពុជា ក្រុមតន្រ្តី Matuto នឹងទៅទស្សនកិច្ច និង សម្ដែង នៅប្រទេសថៃ និង ប្រទេសចិនផងដែរ៕