(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ កម្លាំងនគរបាលការិយាល័យ ​ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង​នគរបាល តាមខណ្ឌ​មួយចំនួន ក្រោមការបញ្ជាផ្ទាល់​ ពី​នាយឧត្តមសេនីយ៍​​ស្នងការរាជធានី​ភ្នំពេញ ជួន សុវណ្ណ បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនបាន៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៧នាក់ និងថ្នាំញៀនមួយចំនួនធំ ។

 លោក អីុវ ភារិទ្ធ នាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះថា ប្រតិបត្តិការបង្ក្រាបនេះ ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លូនជនសង្ស័យ៣៧នាក់ (ស្រីម្នាក់) និងរឹបអូសបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ៦២កញ្ចប់ ជញ្ជីង២គ្រឿង ដាវ២ដើម ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

លោកបានបន្ថែមថា ខណ្ឌដែលបង្ក្រាបបានមាន៦ខណ្ឌ ក្នុងមាន ទី១ខណ្ឌចំការមន១ករណី ឃាត់ខ្លួនបានមនុស្ស៧នាក់ ទី២ខណ្ឌច្បារអំពៅ១ករណី ឃាត់ខ្លូនបានមនុស្ស៤នាក់ ទី៣ខណ្ឌមានជ័យ​២ករណី ឃាត់ខ្លួនបានមនុស្ស៣នាក់ ទី៤ខណ្ឌសែនសុខ២ករណី ឃាត់ខ្លួនបានមនុស្ស២១នាក់ ទី៥ខណ្ឌពោធិ៍សែនជ័យ១ករណី ឃាត់ខ្លួនបានមនុស្សម្នាក់ និងទី៦ខណ្ឌដង្កោ ឃាត់ខ្លូនបាន​មនុស្ស​ម្នាក់៕