(ម៉ានីល)៖ ស្របពេលដែលទំនាក់ទំនង ប្រទេសទាំងពីរ ចិន និងហ្វីលពីន មិនទាន់ប្រសើរឡើងនៅ ឡើយនោះនៅថ្ងៃអង្គារនេះឆ្មាំ ការពារដែនសមុទ្រហ្វីលពីន បានចាប់អ្នកនេសាទចិន ២៥នាក់ឃុំខ្លួន រួមទាំងទូកនេសាទរបស់ពួកគេពីរគ្រឿងផងដែរ ពីបទចូល នេសាទខុសច្បាប់។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។

ឆ្មាំការពារដែនសមុទ្រ រួមទាំងក្រុមអ្នកការពារធនធានជលផលហ្វីលពីន (BFAR) បានចាប់ខ្លួនក្រុម អ្នកនេសាទចិនខាងលើនេះ តាំងពីថ្ងៃចន្ទមកម្ល៉េះ ដោយសារតែពួកគេបានចូលនេសាទត្រី ក្នុងដែន ទឹកហ្វីលពីនក្បែរខេត្ត Babuyan និង Batanes ដោយមិនមាន ការសូមអនុញ្ញាតជាមុន ដែលនេះត្រូវបានអាជ្ញាធរចាត់ទុកជាទង្វើខុសច្បាប់។

អាជ្ញាធរហ្វីលីពីន បានប្រាប់អ្នកសារព័ត៌មានក្នុងតំបន់ថា ដែនទឹកដែលក្រុមអ្នកនេសាទចិន បានចូលមកនេសាទនោះគឺស្ថិតក្រោម អធិបតេយ្យភាពរបស់ហ្វីលពីនសុទ្ធសាធ ដោយមិនមានជាប់ ពាក់ព័ន្ធនឹងតំបន់ជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ។ ការចាប់ខ្លួននេះ ត្រូវបានគេមើលឃើញថា នឹងបង្កភាពក្តៅក្រហាយដល់ទីក្រុងប៉េកាំងបន្ថែមទៀត ស្របពេលដែលបញ្ហាជម្លោះ ដែនសមុទ្រ រវាងប្រទេសទាំងពីរនៅមិនទាន់ត្រូវបានដោះស្រាយ ឲ្យបានសមរម្យនៅឡើយនោះ៕