(ភ្នំពេញ)៖ កម្លាំងនគរបាលរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុង​ការដ្ឋានសំណង់​ចិនឈ្មោះ Hong Lien Group នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅដីឡូដ៍មួយតាមបណ្ដោយផ្លួវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឱ្យដឹងថា ប្រតិបត្តិចុះត្រួតពិនិត្យនេះធ្វើឡើងដោយមានការសហការជាមួយ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានសម្របសម្រួលពី លោក មាស​ ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ បានបន្ដថា ការចុះត្រួតពិនិត្យនៅក្នុងការដ្ឋានសំណង់នេះ ជាបឋមរកឃើញជនជាតិចិន៧៧នាក់ ស្រី២នាក់ និងកម្មករវៀតណាម ប្រមាណ៤០នាក់ ដែលភាគច្រើនគ្មាន​លិខិតឆ្លងដែន និងប័ណ្ឌការងារ។

ក្រោយពីធ្វើការត្រួតពិនិត្យរួចមក ចំពោះជនជាតិចិន និងវៀតណាម ដែលមិនមានលិខិតឆ្លងដែន ត្រូវបានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕