(ភ្នំពេញ)៖ ពិធីប្រគល់-ទទួលរថយន្ដពន្លត់អគ្គិភ័យចំនួន ១១៣គ្រឿង ប្រភេទ ISUZU ម៉ាក FTR គុណភាព១០០% ផលិតនៅ ឆ្នាំ២០១៥ ត្រូវបានប្រគល់ជូនក្រសួងមហាផ្ទៃហើយ នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ពិធីនេះប្រគល់ និងទទួលនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

រថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿងនេះ ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ ដោយចែកចាយទៅតាមបណ្តាខេត្តចំនួន៩៩គ្រឿង និងរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ផ្តត់ផ្គង់រថយន្តពន្លត់អគ្គិភ័យប្រភេទ ISUZU ម៉ាក FTR  គុណភាព១០០% ចំនួន១១៣គ្រឿងផលិត នៅសាធារណរដ្ឋប្រជាមានិតចិន (ឆ្នាំផលិត២០១៥) ដែលមានទឹកប្រាក់ចំនួន ៣៩,៧២៥,៣៧៦,០០០រៀល។

មន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ខ្ពស់ថែមទៀត។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានទទូចឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យ ឲ្យបានខ្ពស់ពីប្រជាពលរដ្ឋទើប ជាមធ្យោបាយ ដែលល្អប្រសើរបំផុត៕