(ឧត្តរមានជ័យ)៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលសង្កាត់អូរស្មាច់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាក់បុរសម្នាក់២កាំបិតប៉ុនប៉ងសម្លាប់ កាលពីថ្ងៃទី២​ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

នគរបាលប៉ុស្ដិ៍អូរស្មាច់បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងបរិវេណក្រុមហ៊ុនរ៉ូយ៉ាល់ ហៀលរីសត នៅភូមិ-សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបន្ដថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលបានបើកប្រតិបតិ្តការស៊ើបអង្កេត ហើយឈានដល់ខ្លួនបុរសម្នាក់ឈ្មោះ យឹម យាន អាយុ៣៧ឆ្នាំ មុខរបរ និងទីកន្លែង​មិនពិតប្រាដក បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ គុណ សារ៉ន ភេទប្រុស  អាយុ២៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនរ៉ូយ៉ាល់ហៀលរីស៊ត ស្នាក់នៅភូមិ-សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវចំឆ្អឹងជំនីផ្នែកខាងឆ្វេង (ក្រោមក្លៀក) ចំនួន២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ សំណាងណាស់មិនស្លាប់បាត់បង់ជីវិត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕