(កណ្តាល)៖ Video បង្ហាញពីសកម្មភាពជល់មាន់ដ៏ធំ នៅក្នុងប៉ុស្តិភូមិបាក់ណាម នៃវរៈ៦០៥ ចំនួន ២ Clip ត្រូវបានប្រជាពលរដ្ឋ នៅស្រុកកោះធំ ផ្ញើមកកាន់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ថាបានដំណើរការយ៉ាងរលូន ដោយគ្មានការបង្ក្រាបពីកម្លាំងសមត្ថកិច្ច ខេត្តកណ្តាលនោះឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពីអង្គភាព Fresh News បានចុះផ្សាយករណីសង្វៀនបញ្ជល់មាន់ដ៏ធំ ដោយមានមនុស្សទាំងជនជាតិខ្មែរ និងវៀតណាម នាំគ្នាទៅលេងយ៉ាងភ្លុកទឹកភ្លុកដី ក្នុងមួយថ្ងៃៗ មានទីតាំងស្ថិតនៅបន្ទយវរៈនគរបាល ការពារព្រំដែនខេត្តកណ្តាល លេខ៦០៥នោះ ស្រាប់តែមេវរៈ លោក លុយ ធៀម ចេញមកបដិសេធថា គ្មាននោះទេ នៅក្នុងបន្ទាយរបស់លោក។

ក្រោយឃើញមេវរៈចេញមកបដិសេធយ៉ាងដូច្នេះ ស្រាប់តែមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ របស់ខេត្តកណ្តាលម្នាក់ អត់ទ្រាំមិនបានក៏បាន ទូរស័ព្ទមកកាន់អង្គភាព Fresh News ប្រាប់បន្ថែម ពីល្បែងជល់មាន់មួយនេះ ពីព្រោះមេវរៈ៦០៥ ចោទថា Fresh News ផ្សាយព័ត៌មាន គ្មានវិជ្ជាជីវ: ចេះតែចុះមិនបានទៅ យកផ្ទាល់ជាក់ស្តែង។

មន្រ្តីសមត្ថកិច្ចខាងលើដែលសូមមិនបញ្ចេញឈ្មោះ ហើយមើលទៅដឹងរឿងច្បាស់ពីទីតាំង សង្វៀនជល់មាន់នោះ បាននិយាយថា «អ្វីដែលបង (Fresh News) ចុះផ្សាយនោះ គឺមិនខុសឡើយ ខុសនោះ គឺមេវរ:៦០៥ តែម្តង ចេះតែបដិសេធខុសទំនង។ តាមពិតមាន ហើយ អា ជល់មាន់នេះក៏ប៉ុន្តែ វាមិនស្ថិតនៅក្នុងបន្ទាយវរ:៦០៥ ទេ គឺ ស្ថិតនៅប៉ុស្តិការពារព្រំដែន ភូមិបាក់ណាម (ខ្នាតាំងយូរ) ឃុំព្រែកជ្រៃ ស្រុកកោះធំ (វរ:៦០៥ មានប៉ុស្តិចំនួន៤)។ មិនត្រឹមតែមានល្បែងជល់មាន់នោះទេ តែក៏មានវង់ល្បែងផ្សេងទៀតដែរ ដូចជា តុ បៀរ តៃស៊ីវ អាប៉ោង ហើយម្ចាស់ទីតាំង គឺ អាធុយ ជាកូនប្រុសសំណព្វចិត្តលោក លុយ ធៀម ជាមេវរៈនោះតែម្តង»។

បើតាមមន្រ្តីសមត្ថកិច្ចរូបនេះ ពីមុនផ្លូវជាតិលេខ១១០ មិនទាន់ធ្វើហើយ គឺមិនសូវមានអ្នកទៅលេងនោះទេ តែក្រោយផ្លូវធ្វើរួចមក មានជនជាតិវៀតណាម ម៉ាគគោកមកលេងមួយថ្ងៃៗ រាប់រយនាក់ ដល់ពាន់ទៀតផង តែសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ មើលមិនឃើញនោះទេ ក៏ព្រោះតែម្ចាស់សង្វៀន បាននាំសំណែនមកថ្វាយរួចជាស្រេច ចឹងមានតែអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ទេ ដែលអាចជួយទប់ស្កាត់ករណីនេះបាន។

ក្រោយពីអង្គភាព Fresh News បានចុះផ្សាយនូវល្បែងជល់មាន់មួយនេះស្រាប់តែមេបញ្ជាការវរៈលោក លុយ ធៀម ចេញមកបដិសេធ សារជាថ្មីថា គ្មាននោះទេល្បែងទាំងនេះ ហើយលោកចូលបម្រើការងារជាង៣០ឆ្នាំ មិនទៅប្រព្រឹត្តនូវទង្វើបែបនេះនោះទេ។

លោក លុយ ធៀម បានសរសេរថា នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ខ្ញុំមេបញ្ជាការវរៈ ៦០៥ បានឃើញ Fresh News ចុះផ្សាយម្តងទៀតអំពីសង្វៀនជល់មាន់ ដ៏ធំនៅក្នុងប៉ុស្តិ៍បាក់ណាម នៃវរៈ៦០៥ផង ព្រោះកូនប្រុសមេវរៈជាអ្នកគ្រប់គ្រង ។ ខ្ញុំសុំឆ្លើយតបមានដូចតទៅៈ

ទី១- គ្មានសង្វៀនជល់មាន់ នៅក្នុងទីតាំងប៉ុស្តិ៍បាក់ណាមនោះទេ។
ទី២- វរៈ៦០៥ គ្រប់គ្រងខ្សែព្រំដែនប្រមាណជិត ៣០km មាន៦ប៉ុស្តិ៍នគរបាលការពារព្រំដែន គ្មានសង្វៀនក្នុងទីតាំងបញ្ជាការវរៈ ប្ញប៉ុស្តិ៍នោះទេ។

ទី៣- រូបភាពដែលបង្ហាញនៅក្នុងព័ត៌មាន Fresh News និង Facebook របស់ Fresh News មិនមែននៅក្នុងទីតាំងអង្គភាព ប្ញប៉ុស្តិ៍ឡើយ។

និងទី៤- មិនដឹងជាមន្ត្រីថ្នាក់ណា ដែលទូរស័ព្ទប្រាប់ Fresh Newsនោះ ប្រហែលមិនស្គាល់ភូមិសាស្ត្រ មិនស្គាល់ទីតាំងនោះឡើយ៕