(សេអ៊ូល)៖ រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាខ្លួនកំពុងតែរៀបចំឯកសារតវ៉ា ដែលឈានទៅរកការផ្តន្ទាទោស ជនដៃដល់ ដែលបានប្រើកាំបិតបង្ករបួសស្នាមលើឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំទីក្រុងសេអ៊ូលោក Mark Lippert ដាក់ពន្ធនាគាររយៈពេល ១៧ឆ្នាំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។

រដ្ឋអាជ្ញាខាងលើនេះ ចង់ឲ្យតុលាការធ្វើការផ្តន្ទាទោសជនដៃដល់ ដាក់ពន្ធនាគារក្នុងរយៈយូរ ព្រោះជនរូបនេះបានវាយប្រហារ ដោយប្រើប្រាស់កាំបិត មកលើមន្ត្រីទូតកំពូលរបស់អាមេរិក ចំផ្ទៃមុខនិងដៃ ដោយបានតម្រូវឲ្យគ្រូពេទ្យដេររបួសលោករហូតដល់ ទៅជាង ៨០ថ្នេរឯណោះ។

ជនបង្កឈ្មោះ Kim Ki-Jong ត្រូវបានតុលាការសម្រេចទោសកាលពីខែមីនាឆ្នាំមុន ដាក់ពន្ធនាគារ រយៈពេល ១២ឆ្នាំ ដោយសាររូបគេ បានវាយប្រហារមកលើឯកអគ្គរដ្ឋទូតអាមេរិក ពេលកំពុងស្ថិត នៅកន្លែងញុំាអាហារពេលព្រឹក។ បន្ទាប់មក Kim ត្រូវបានបន្ថែមទោស មួយកម្រិតទៀត ដោយសារតែរូបគេបានវាយប្រហារឆ្មាំគុក និង វេជ្ជបណ្ឌិតម្នាក់។

គួរបញ្ជាក់ថាលោក Kim បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មខាងលើនេះ ដោយសារតែទទួលរងឥទ្ធិពល ពីរបបដឹកនាំកូរ៉េខាងជើង ដែលចាត់ទុកសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងជាសត្រូវធំ។ ប៉ុន្តែ មេធាវីលោក Kim បានបញ្ជាក់ថាកូនក្តីរបស់លោកមិនមានចេតនា បង្កការ សម្លាប់រង្គាល ឬរបួសស្នាម នោះឡើយ ដោយវាគ្រាន់តែឧប្បដិហេតុប៉ុណ្ណោះ៕