(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាន និងកំពុងញាប់ដៃញាប់ជើង ក្នុងការរៀបចំទីតាំង ដើម្បីប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅលានជល់ដំរី ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លានជល់ដំរី ក្រុងអង្គរធំ នឹងក្លាយជាទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាថ្មីម្តងទៀត ដែលនេះជាលើកទី២ហើយ (លើកទី១នៅឆ្នាំ២០១១) សម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យ ប្រពៃណីជាតិដ៏ធំនេះ នៅលើទឹកដីអង្គរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្នុងនាមអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង និងរៀបចំរមណីយដ្ឋានអង្គរ បានសហការរៀបចំទីតាំងសង់ព្រះពន្លាជ័យ វេទិកា ជម្រកគោឧសភរាជ និងទីកន្លែងសម្រាប់ដង្ហែស្តេចនាគនិងមេហួរ។

បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរា ក៏បានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងាររៀបចំពិធីបុណ្យជាតិ-អន្តរជាតិ សាលាខេត្តសៀមរាប និងគ្រឹះស្ថានអង្គរលើការងាររៀបចំព្រះស្រែ ដាំស្មៅ ស្រោចស្មៅ រៀបចំបង្គន់អនាម័យ រៀបចំស្តង់តាំងពិព័រណ៍ការងារនានា ចងបដាពាក្យស្លោករក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរចេញចូលរបស់ក្រុមការងារ និងប្រជាជន រួមទាំងគ្រប់កិច្ចការដែលបម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យនេះ។

សូមជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងក្នុងគោលបំណងផ្សងមើល ប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕