(កំពង់ចាម)៖ លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ បាននាំយកអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ប្រមាណជិត១ពាន់គ្រួសារ និងបង្ហាញពីវិធីសាស្រ្តដាំដំណាំស្រូវ នៅចំណុចទួលពោធិឫស្សី ភូមិថ្មកែវ ក្នុងឃុំត្រប់ និងឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ឡោ ចាន់លី អភិបាលស្រុកបាធាយ លោកមេឃុំ អាជ្ញាធរស្រុក -ឃុំ និងក្រុមការងារ របស់ក្រុមហ៊ុន​ អេង ឌីប៉ូ អភិវឌ្ឍ ព្រមទាំងប្រជាពលរដ្ឋ ជិត១ពាន់គ្រួសារ ។

លោក ឡោ ចាន់លី អភិបាលស្រុកបាធាយ បានមានមតិស្វាគមន៍ និងបានបញ្ជាក់ពីស្ថានភាពទូទៅ នៅក្នុងស្រុកថា ប្រជាកសិកនៅក្នុងស្រុកបាធាយ គឺប្រកបរបរកសិកម្ម ប្រមាណ៨០% ដោយពឹងផ្អែកលើធម្មជាតិទាំងស្រុង និងមានផ្ទៃដីមួយចំនួនទុកចោល ដោយសារតែពុំមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ ប៉ុន្តែថ្ងៃនេះ ក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍ ដែលមានលោកឧកញ៉ា ឌី ប៉ូ ជាអគ្គនាយក បានមកអភិវឌ្ឍដំណាំស្រូវ គឺចំគោលដៅក្នុងតំបន់នេះតែម្ដង ហើយបើតាមរបាយការណ៍ការឲ្យដឹង គឺក្នុងគម្រោងអភិវឌ្ឍដំណាំស្រូវ រហូតប្រមាណជា៨ម៉ឺនហិចតា ។

លោកបន្តទៀតថា លោកសូមកោតសរសើរ ចំពោះក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ ដែលមានបទពិសោធន៍ខាងដំណាំស្រូវ និងបានចុះមកអភិវឌ្ឍផ្ទាល់ ជាមួយប្រជាកសិករ ហើយបានដាក់ទុនជាច្រើនលានដុល្លារ មកអភិវឌ្ឍតំបន់នេះ ។ ការមកអភិវឌ្ឍវិស័យកសិកម្ម ពីសំណាក់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ នៅពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ មានភាពរីកចម្រើន ទទួលបានចំណេះដឹងបន្ថែម លើការសាបព្រួសស្រូវ ការដាំដុះ វិធីថែទាំ ដើម្បីបានទិន្នផលខ្ពស់ និងមានប្រព័ន្ធធារាសាស្ត្រ គ្រប់គ្រាន់សម្រាប់ស្រោចស្រព ដីស្រែរបស់បងប្អូនប្រជាកសិករ នៅក្បែរនេះ ។

ដោយឡែកលោក តាំង សុខឃី អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ ក៏បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំនូវវិធីសាស្រ្តជាច្រើន មកបង្ហាញជូនប្រជាកសិករ នៅក្នុងតំបន់នេះឲ្យបានជ្រូតជ្រាប ជាព័ត៌មានខ្លះៗ ។ ការចូលមកអភិវឌ្ឍរបស់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ នឹងធ្វើឲ្យបងប្អូនទទួលបាន នូវផលប្រយោជន៍ជាច្រើន ដូចជា ផ្ដល់ការងារជូនបងប្អូននៅទីនេះផ្ទាល់ ទទួលបានចំណេះដឹងក្នុងការធ្វើកសិកម្ម ដំណាំស្រូវកាន់តែប្រសើរ មានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ ផ្ដល់ជូននូវការជ្រើសរើសពូជស្រូវល្អៗ ដែលមានទិន្នផលខ្ពស់ ជាពិសេសពូជស្រូវក្រអូប ។  

ជាមួយគ្នានេះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ បានផ្ដល់ជូននូវអណ្ដូវទឹកស្អាតចំនួន៣ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ បន្ថែមលើអណ្ដូងទឹកស្អាត ចំនួន១០កន្លែងទៀត និងស្ដាស្រះទឹកចាស់ចំនួន៤កន្លែងផ្សេងទៀត នៅក្នុងខេត្តកំពង់ចាម ខណៈដែលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកំពុងតែជួបប្រទះ នូវភាពរាំងស្ងូតខ្វះទឹកប្រើប្រាស់ ដែលអំណោយ អណ្ដូងទឹកទាំងអស់ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

លោក តាំង សុខឃី បន្ថែមពីគោលដៅចំបង របស់ក្រុមហ៊ុន ថា ទីណាដែលក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ ចុះទៅអភិវឌ្ឍដំណាំស្រូវ ទីនោះត្រូវតែផ្ដល់នូវអត្ថប្រយោជន៍ដ៏ ពិតប្រាកដជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ នាំចេញអង្ករឲ្យបាន១លានតោន ក្នុង១ឆ្នាំ។

សូមបញ្ជាក់ថា អំណោយដែលបាននាំមកជូន ប្រជាពលរដ្ឋប្រមាណជិត១ពាន់ គ្រួសារនាឱកាសនេះ រួមមាន សារ៉ុង ប៊ីចេង និងថវិកា ដោយក្នុងមួយគ្រួសារៗ ទទួលបានសារ៉ុង១ ប៊ីចេង១កញ្ចប់ និងថវិកា២ម៉ឺនរៀល៕