(អូស្ត្រាលី)៖ អ្នកនយោបាយនានា ដែលកំពុងតែបណ្តែតបណ្តោយឲ្យការកើនឡើងកម្តៅ ពិភពលោកបំផ្លាញធនធានធម្មជាតិរបស់ ប្រទេសអូស្ត្រាលីនោះ គួរតែដឹងថាយូរៗទៅវានឹង បង្កការគំរាមកំហែងខ្លាំងជាងអំពើភេរវកម្មទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។

លោក Richard Di Natale ប្រធានគណបក្សបៃតង របស់អូស្ត្រាលីបានថ្លែងដូចខាងលើនេះ នៅក្នុងកិច្ចពិភាក្សាមួយនារដ្ឋធានី កង់បេរ៉ា ដើម្បីលើកឡើងពីបញ្ហាប្រឈមនានា ដែលអូស្ត្រាលីមិន ទាន់អាចដោះស្រាយប្រកបដោយប្រសិទ្ធិភាពនៅឡើយ។ នៅក្នុងនោះដែរ សារព័ត៌មានបរទេសមួយចំនួន ដូចជា The Guardian ជាដើមបានកំណត់ថាលោក Natale ទំនងជាចង់រិះគន់ដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Turnbull ដែលមិនអាចមានលទ្ធភាពដោះស្រាយ បញ្ហាធំៗជាច្រើននោះបាន។

បញ្ហាប្រឈមធំៗដែលមេបក្សអភរិក្សបរិស្ថានខាងលើនេះចង់លើកឡើង គឺការដោះស្រាយ ជុំវិញរឿងជនភៀសខ្លួនសុំសិទ្ធិជ្រកកោណ, ជំនួយទៅកាន់បរទេស, ថាមពលស្អាត, និង ការកើន ឡើងកម្តៅជាសកល។ នៅក្នុងនោះដែរ លោកបានព្រមានថាប្រសិនបើអូស្ត្រាលីនៅតែបន្ត ព្រងើយកន្តើយទៀតនោះ ការកើនឡើងកម្តៅជាសកលនេះ និងគំរាមអាយុជីវិតប្រជាជនទូទៅ ជាងអំពើភេរវកម្មទៅទៀត៕