(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីជូនដំណឹងមួយ ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍កម្ពុជា ទាំងពីរភេទ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Tongren University នៃប្រទេសចិន សម្រាប់ឆ្នាំ២០១៦នេះ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស សិស្សានុសិស្សកម្ពុជា ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេសល្អ ដើម្បីបានទៅសិក្សា នៅសកលវិទ្យាល័យ Tongren University ប្រទេសចិន ចំនួនពី២០០-៣០០នាក់ ហើយក្នុងចំនួននេះ ១០ភាគរយ នឹងទទួលបានអាហារូបករណ៍១០០ភាគរយពេញ, ៣០ភាគរយ នឹងទទួលបានអាហារូបករណ៍៨០ភាគរយ, ៦០ភាគរយនឹងទទួលបានអាហារូបករណ៍៧០ភាគរយ នៃចំនួន២០០-៣០០នាក់។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចំពោះព័ត៌មានលម្អិតអំពីអាហារូបករណ៍នេះ បេក្ខជន ដែលមានចំណាប់អារម្មណ៍ និងស្របតាមលក្ខខណ្ឌខាងលើ អាចទៅសាកសួរព័ត៌មានបន្ថែម នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា ស្ថិតនៅក្នុងអាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរា ៥០ម៉ែត្រ រៀងរាល់ម៉ោងធ្វើការ៕