(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចបដិសេធលើសំណើសុំនៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះមួយព្រឹក។

សវនាការនេះដឹកនាំដោយ លោក ភូ ពៅ ស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សួស សំអាត និង ងួន អ៊ីម ជាសមាជិក ព្រមទាំង លោក ង៉ែត សារ៉ាត ជាតំណាងមហាអយ្យការ។ សាលាឧទ្ធរណ៍បានសម្រេចតម្កល់តាមសាលក្រម​របស់សាលាដំបូងរាជធានីភ្នំពេញ ចំពោះសំណុំរឿងនៅក្រៅឃុំនេះ។

លោក អ៊ុំ សំអាន សមាជិករបស់គណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយសារតែប្រព្រឹត្តិបទល្មើសជាក់ស្តែង នៅតាមបណ្តាញសង្គម Facebook។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ ស្របពេលដែលរដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្ត គណបក្សប្រឆាំងរូបនេះ។

ក្រោយមានការសម្រេចឃុំខ្លួន លោក អ៊ុំ សំអាន បានដាក់ពាក្យប្តឹងដើម្បីទាមទារនៅក្រៅឃុំ ប៉ុន្តែត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ សម្រេច បដិសេធ បណ្តឹងសុំនៅក្រៅឃុំនេះ៕