(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបន្តអវត្តមានក្នុងការចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ។ នេះគឺជាលើកទី២ហើយ ដែលលោកមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាមួយទៀតកោះហៅ លោក កឹម សុខា ឱ្យចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់វេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ហើយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ តុលាការក៏បានកោះហៅ លោក កឹម សុខា ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ផងដែរ ដែលករណីនេះ ពាក់ព័ន្ធនឹងបណ្តឹងកញ្ញា ធី សុវណ្ណថា ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ ។ ប៉ុន្តែទោះជាយ៉ាងណា លោក កឹម សុខា មិនបានចូលបំភ្លឺតាមការកោះហៅទាំង២លើកនេះទេ។

លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានបញ្ជាក់ថា តុលាការនឹងអវត្តនីតិវិធី របស់ខ្លួនបន្តទៀត បើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មិនចូលបំភ្លឺតាមការកោះហៅ។ ការអះអាងរបស់មន្រ្តីជាន់ខ្ពស់តុលាការរូបនេះ បានធ្វើឡើង បន្ទាប់ពីតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ២រូបគឺ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា បានអវត្តមានក្នុងការចូលបំភ្លឺ នៅចំពោះមុខតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញ។

សូមជំរាបថា នាថ្មីៗនេះ តុលាការបានចេញដីកាកោះហៅ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ៣រូប ពាក់ព័ន្ធនឹងលិខិតចំហរ និងពាក្យបណ្តឹង របស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលអះអាងថានាងមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ។ លោក កឹម សុខា ត្រូវបានកញ្ញា ស្រីមុំ ចោទថាបំផ្លាញកិត្តិយសរបស់នាង ដោយមិនគោរពតាមការសន្យា ហើយស្រីមុំបានប្តឹងទាមទារសំណង៣០ម៉ឺនដុល្លារ៕