(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្ស អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក បានលេីកឡេីងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ការជ្រើសរើសគណបក្សនយោបាយដែលត្រឹមត្រូវ បានចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។

ការលេីកឡេីងរបស់លោក ស៊ុ សន្និសិទ្ធ ធ្វេីឡេីងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រារព្ធកម្មវិធីបើក យុទ្ធនាកាឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តីទី៥ ក្រោមការចូលរួមពី លោក ស៊ុ សន្និសិទ្ធ សមាជិកគណបក្សប្រជាជនកម្ពុជា និង មានសមាជិក សមាជិកា ប្រមាណជាង៣០០នាក់។

សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជា ពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា។

លោកបានបន្ដថា ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍ លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជនរស់នៅ ប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។

លោកបានបញ្ជាក់ថា បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំសង្កាត់ ដែលខ្លួនដឹកនាំ៕