(កំំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងកងកម្លាំងចូលនិវត្តន៍ គឺជាអ្នកដែលមានគុណបំណាច់ធំណាស់ ក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបញ្ចប់ភ្លើងសង្គ្រាម និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ រហូតដល់មានការលះបង់កាយសម្បទា និងអាយុជីវិតក៏មាន។

ការបញ្ជាក់បែបនេះ ខណ:លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តកំពត ម៉ៅ ធនិន ដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល និងសួរសុខទុក្ខគ្រួសារយោធិន ប្រមាណ ២៤០គ្រួសារ ក្នុងពិធីប្រកាសបិទផ្សាយទិនិ្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យទីតាំងដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក្នុងតំបន់៣១៧ ស្ថិតនៅក្នុងភូមិតេជោអភិវឌ្ឍន៍ និងភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

លោក ម៉ៅ ធនិន បន្តថា អតីតយុទ្ធជន គឺជាជនគំរូ ដែលយើងទាំងអស់គ្នា ត្រូវចងចាំជានិច្ច ព្រោះការលះបង់របស់ពួកគាត់ មានតំលៃធំណាស់ ក្នុងការតស៊ូ គឺពួកគាត់បានលះបង់នូវសាច់ស្រស់ ឈាមស្រស់ អាយុជីវិត ហើយមានអ្នកខ្លះបានលះបង់ទាំងអាយុជីវិតផងដែរ ថែមទាំងបានចូលរួមអភិវឌ្ឍន៍ប្រទេស ពីចំណុចសូន្យ រហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ត្រូវមានការគោរពដឹងគុណចំពោះ អតីតយុទ្ធជន និងតបគុណដល់ពួកគាត់។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពត ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះអតីតយុទ្ធជនទាំងអស់ក្នុងតំបន់កោះស្លា ៣១៧ ដែលពីអតីតកាលគឺជាសមរភូមិប្រយុទ្ធមួយ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ តែងតែនឹកឃើញជានិច្ចនូវវីរៈភាពដ៏អង់អាចរបស់អតីតយុទ្ធជន ហើយតែងតែផ្តាំផ្ញើសាកសួរសុខទុក្ខ និងណែនាំដល់ថ្នាក់ដឹកនាំ តាមបណ្តាខេត្ត ដែលមានអតីតយុទ្ធជន ឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះការរស់នៅ ក៏ដូចជាសម្របសម្រួលដោះស្រាយបញ្ហាខ្វះខាតនានា ពិសេសថ្ងៃនេះ អ្វីដែលបងប្អូនអតីតយុទ្ធជនទទួលបាន គឺជាការផ្តល់ជូនពីសម្តេចតេជោ សម្រាប់តបស្នងសងគុណចំពោះគុណបំណាច់ដែលបានលះបង់កន្លងមក។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានលើកឡើងក្នុងរបាយការណ៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្បទានដីសង្គមកិច្ច នៅភូមិតេជោអភិវឌ្ឍន៏ និងភូមិតេជោអន្លង់ក្មេងលេង ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារនាពេលនេះ មានក្បាលដីប៉ាន់ស្មាន ចំនួន ២៥៤ក្បាលដី ដើម្បីផ្តល់ជូនគ្រួសារយោធិន ចំនួន ២៤០គ្រួសារបន្ថែមទៀត ដោយក្នុងការធ្វើការបែងចែកក្នុងមួយគ្រួសារ ទទួលបានដីលំនៅដ្ឋាន មានទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ និងក្នុងចំណោម ២៤០គ្រួសារ មាន១៤គ្រួសារ បានទទួលដីកសិកម្ម ដែលមានទំហំ ១០០ម៉ែត្រ គុណ ១០០ម៉ែត្រ ដើម្បីបានប្រើប្រាស់ផងដែរ៕