(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងឃុំស្មោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា គណបក្សប្រជាជនកម្ពុជាបានលះបង់និងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូរពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព។

លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងបន្តថា ប្រទេសកម្ពុជាសព្វថ្ងៃដែលដឹកនាំដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កំពុងតែមានមុខមាត់នៅលើឆាកអន្តរជាតិខណៈដែលបច្ចុប្បន្នកម្ពុជាគឺជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការធ្វើសង្រ្គាមជាមួយជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងបានប្រយុទ្ធបានជោគជ័យ ដោយជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេសជាង២០០។

លោកថា ភាពជោគជ័យនេះ គឺមិនមែនកើតមានឡើងដោយចៃដន្យនោះទេ វាកើតឡើងដោយសារតែរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មានមេដឹកនាំឈ្លាសវៃដោយបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់និងត្រឹមត្រូវ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីថែរក្សាសុខសន្តិភាពប្រទេស ឲ្យកាន់តែយូអង្វែងទៅមុខទៀត៕