(ព្រៃវែង)៖ លោក ស៊ិន រដ្ឋា ប្រធានក្រុមការងារចុះជួយឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រមទាំងលោក លោកស្រីជាអនុប្រធានក្រុមការងារ និងក្រុមការងារ ដោយពេញ១ថ្ងៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅក្នុងឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែងត ជាមួយសមាជិកចូលរួមចំនួន៤០០នាក់ ។

ការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅក្នុងដែនរដ្ឋបាលឃុំត្របែក យ៉ាងអធឹកអធមដោយមាន រថយន្ត២៥គ្រឿង ម៉ូតូ និងម៉ូតូ១៨២គ្រឿង មេក្រូ២គ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក ស៊ិន រដ្ឋា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវ សុខសន្តិភាពពេញលេញនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនដែលជាគណបក្សចាស់ទុំនិងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

លោក ស៊ិន រដ្ឋា បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សូមគៀងគរបងប្អូនមិត្តភត្តិឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នាដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕