(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែរនៅក្រៅប្រទេស ដើម្បីបង្កភាពងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសមិនមានភាពចាំបាច់ ក្នុងការសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិខ្មែរនោះទេ ។

សម្តេតេជោ ហ៊ុន សែន បញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនខ្មែរ រស់នៅក្រៅស្រុកនេះ ដើម្បីឲ្យបងប្អូនខ្មែរ មានភាពងាយស្រួលក្នុងការទិញផ្ទះ ទិញដី ឬអាចមានលទ្ធភាព ធ្វើបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតក៏ថាអាចបាន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ នៅទីក្រុង Zurich ប្រទេសស្វីស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានរឿងមួយ ដែលសំខាន់សម្រាប់បងប្អូនយើង នៅក្រៅប្រទេស ថ្ងៃមុនបាននិយាយជាមួយបងប្អូនយើង នៅអាមេរិកហើយ ហើយក៏បានប្រគល់ភារកិច្ច ជូនទៅរដ្ឋមន្ត្រីការបរទេស ហើយក៏បានប្រគល់ការងារនេះ ឲ្យទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ គឺរឿងការធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបងប្អូនយើងដែលរស់នៅក្រៅប្រទេស ជារឿងចាំបាច់ ព្រោះបងប្អូនខ្លះអត់មានអត្តសញ្ញាណប័ណ្ណ ពេលទៅទិញដីនៅក្នុងស្រុក អត់ធ្វើកម្មសិទ្ធិបាន ត្រូវពឹងពាក់បងប្អូនឬអ្នកដទៃ បើប៉ះអ្នកត្រង់មិនអី តែបើអ្នកមិនត្រង់យកដីទៅលក់បង្កើតរឿង ហើយបងប្អូនជាខ្មែរស្រាប់ គ្មានការចាំបាច់ទៅសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិឡើងវិញទេ ស្ថានភាពបងប្អូនដែលមកនៅក្រៅប្រទេសយើងយល់»

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តាំទៅកាន់បងប្អូនខ្មែរនៅក្រៅប្រទេស សូមកុំចាញ់បោកការលើកឡើងរបស់ជនមួយចំនួន ដែលចង់បង្កើតឲ្យមានការបោះឆ្នោតពីក្រៅប្រទេស។ សម្តេចបញ្ជាក់ថា រឿងបែបនេះមិនអាចធ្វើទៅរួចទេ ដោយសារសម្តេចបានលើកឧទាហរណ៍ជាក់ស្តែង ពីការបោះឆ្នោតនៅអាមេរិក ដែលនាំឲ្យមានបញ្ហាទាស់ទែងគ្នា ក្នុងប្រវត្តិសាស្ត្រអាមេរិក។

សម្តេចបញ្ជាក់ថា ការបោះឆ្នោតតាមប្រៃសណីយ៍មិនស្រួលនោះទេ សូម្បីតែអាមេរិកផ្ទាល់នេះ ក៏ជួបបញ្ហារួចមកហើយ រហូតមានទំនាស់រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ របស់លោក ដូណាត្រាំ និងលោក ចូបៃ ឌិន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅពេលទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរហើយ ដែលចង់បោះឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតដោយផ្ទាល់៕