(កណ្តាល)៖ ជនរងគ្រោះម្នាក់បានស្លាប់ ខណៈក្រុមគ្រួសារបានបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារលើកដែកប៉ះចំខ្សែកាប មានចរន្តអគ្គិសនីបណ្ដាលឲ្យឆក់។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៥៖១០នាទី នៅចំណុចផ្ទះឈ្មោះ នួន សារ៉េត ស្ថិតនៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ីវ អំណត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវ (ជាប្អូនបង្គើត) ឈ្មោះ អ៉ីវ ចំនិត្យ និង២នាក់បងប្អូនបានទៅស៉ីឈ្នួលម៉ៅការ ធ្វើដំបូលសំយ៉ាបផ្ទះឲ្យ ឈ្មោះ នួន សារ៉េត នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ០១ម៉ែត្រការ៉េ១២.៥$។

លោកអធិការស្រុកបានបន្តទៀតថា ជនរងគ្រោះបានលើកដែកធ្វើសំយ៉ាបផ្ទះ ក៍ប៉ះចំខ្សែកាប (ស្រាត) បណ្តាលឲ្យឆ្លងចរន្តឆក់ ហើយក្រុមគ្រួសារជួយសង្គ្រោះ នាំទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ ក៍បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕